(ភ្នំពេញ)៖ មន្ត្រីគយចល័ត បានថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី២៣ ខែមេសានេះថា ចំពោះករណីឃាត់រថយន្ដយីហ៊ុប ដឹកឈើប្រណិត២គ្រឿងពេញ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ត្រូវបានកម្លាំងមន្ត្រីពាក់ព័ន្ធទាំងអស់ ចូលរួមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ អាជ្ញាធរខេត្ត មន្ត្រីរដ្ឋបាលព្រៃឈើ កម្លាំងអាវុធហត្ថជាដើម បានធ្វើការពិនិត្យរួមគ្នា ព្រមទាំងសម្រេចអនុញ្ញាតឲ្យទៅវិញ បន្ទាប់ពីរកឃើញថា ឈើទាំងនោះមានឯកសារ និងច្បាប់អនុញ្ញាតត្រឹមត្រូវ ។
ការបញ្ជាក់របស់មន្ត្រីគយយ៉ាងដូច្នេះ ឆ្លើយតបទៅនឹងការរិះគន់របស់សារព័ត៌មានចំនួន ដែលលើកឡើងថា បន្ទាប់ពីឃាត់ខ្លួនរថយន្តទាំង២គ្រឿងនេះ ហើយកម្លាំងគយ បានអនុញ្ញាតឲ្យទៅវិញស្ងាត់ៗ ប៉ុន្តែមិនដូច្នេះគឺការងារនេះមានការរួមពីព្រះរាជអាជ្ញា និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនផ្សេងទៀត។
សូមជម្រាបថា ការចុះបង្ក្រាបរថយន្តធុនធំដឹកឈើប្រណិតនេះ គឺធ្វើឡើងដោយកម្លាំងគយចល័ត សហការជាមួយ កម្លាំងអាវុធហត្ថលើផ្ទៃប្រទេស និងអាវុធហត្ថខេត្តត្បូងឃ្មុំ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាខេត្តត្បូងឃ្មុំលោក ហ៊ាង សុភក្រ្ត ព្រមទាំងមានការចូលរួមពីអភិបាលខេត្តត្បូងឃ្មុំ រួមទាំងកម្លាំងគយប្រចាំមាត់ច្រកផងដែរ៕