(កំពង់ស្ពឺ)៖ ក្រុមចោរលួចរថយន្តដ៏ល្បាយល្បី និងកក្រើកប្រចាំខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺវែកមុខ និងឃាត់ខ្លួន បានម្នាក់ហើយ ខណៈបក្ខពួកគេពីរនាក់ទៀត កំពុងរត់គេចខ្លួន។
ឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧នេះថា កម្លាំងសមត្ថកិច្ច បានប្រើល្បិច និងកិច្ចសហការជាមួយជនរងគ្រោះជាច្រើននាក់ទម្រាំឈានដល់ការចាប់ខ្លួនពួកគេ។
លោក សម សាមួន បានរៀបរាប់ថា ដំបូងឡើយជនរងគ្រោះឈ្មោះ សើន ស៊ីណា បានបាត់រថយន្តសាំងយ៉ុង ពណ៌បៃតងចាស់ ពាក់ស្លាកលេខភ្នំពេញ2W-2850 ដែលទុកនៅក្នុងផ្ទះ។ លុះក្រោយមកក្រុមចោរបានទាក់ទងលក់រថយន្តនោះ ទៅឲ្យឈ្មោះ កុល ម៉ៅ រស់នៅភូមិចំបក ឃុំវល្លស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
បន្ទាប់ពីម្ចាស់រថយន្តឈ្មោះ សើន ស៊ីណា បានរកឃើញរថយន្តរបស់ខ្លួន ក៏បានប្តឹងមកនគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការ។
ក្រោយទទួលបានពាក្យបណ្តឹងនេះ លោកស្នងការបន្តបានរៀបចំឆាកល្ខោន ដោយសហការជាមួយឈ្មោះ កុល ម៉ៅ ដោយឲ្យធ្វើជាទូរស័ព្ទរកទិញរថយន្តបន្ថែមមួយគ្រឿងទៀត ដោយទាក់ទងទៅឈ្មោះ សាន ចាន់ណារិត ដែលជាជនសង្ស័យ។
លុះដល់ថ្ងៃទី១៩ ខែមេសា ជនសង្ស័យនេះ បានទូរស័ព្ទមកឈ្មោះ កុល ម៉ៅ ដោយបានអះអាងថា មានរថយន្តមួយគ្រឿងទៀតមកលក់ឲ្យ។
ក្រោយទទួលបានការណែនាំរបស់សមត្ថកិច្ច លោក កុល ម៉ៅ ក៏បានណាត់តាមការឲ្យតម្រុយរបស់កម្លាំងនគរបាលនៅមុខហាង «ដំរីស» ខេត្តកំពង់ស្ពឺ។ ពេលក្រុមជនសង្ស័យ បានយករថយន្ដមួយគ្រឿងមកជួបតាមការណាត់ ដើម្បីលក់ឲ្យឈ្មោះ កុល ម៉ៅ ក៏ត្រូវកម្លាំងសមត្ថកិច្ចស្ទាក់ចាប់តែម្តង។
បន្ទាប់ពីបានឃើញមុខសញ្ញាបានបើកឡាននោះចូលមក កម្លាំងបានព័ទ្ធចាប់បានឈ្មោះ ឯម សុភក្រ អាយុ ៣៤ឆ្នាំ រស់នៅភូមិអូរស្វាយចេក ឃុំរកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដែលជាបក្ខពូករបស់ក្រុមជនសង្ស័យ។ បើតាមចម្លើយពួកគេ បញ្ជាក់ថា ពួកគេបានលួចរថយន្ត បានញឹកញាប់មកហើយ ដោយមានឈ្មោះ ខុន ឌឿន និង ឈ្មោះ សាន ចាន់ណារិត ដែលកំពុង់រត់គេចខ្លួន។
តែទោះជាយ៉ាងណាក៏ដោយ លោកស្នងការបញ្ជាក់ថា ក្រុមជនសង្ស័យដែលកំពុងរត់គេចខ្លួននោះ ជំនាញបានកំណត់មុខសញ្ញារួចអស់ហើយ ដោយខណៈកំពុងស្រាវជ្រាវរកកន្លែងលាក់ខ្លួន៕