(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រៀបចំកម្មវិធីប្រណាំងកង់សាកល្បងសម្រាប់កម្មវិធី «Run & Ride សប្បុរសធម៌ដើម្បីកម្ពុជា ២០១៧» នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ដោយចាប់ផ្តើមនៅទីក្រុងកោះពេជ្រ។
កម្មវិធីនេះ ចាប់ផ្តើមចាប់ពីម៉ោង៥៖៣០នាទីព្រឹក ដោយចូលរួមពីសំណាក់កីឡាករប្រណាំងកង់ប្រមាណ២០រូប ដែលក្នុងនោះ ក៏មានកីឡាករប្រណាំងកង់ជម្រើសជាតិផងដែរ។
លោក លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា «ក្រៅពីការសមជើងមុនប្រកួត គោលបំណងរបស់យើង ក្នុងការប្រណាំងសាកល្បង គឺទីមួយដើម្បីសាកល្បងរៀបចំកម្មវិធីនេះឲ្យរលូន ដូចជាការដាក់រនាំងផ្លូវសម្រាប់ប្រណាំងនិងការរៀបចំ មួយចំនួនទៀត និងទីពីរគឺ ដើម្បីអំពាវនាវឲ្យសាធារណជនដែលមិនទាន់បានចុះឈ្មោះ ចាប់ផ្តើមចុះឈ្មោះដើម្បីរួមគ្នាជួយសាលា កម្ពុជាយើងទាំងគ្នា»។
គួរបញ្ជាក់ផងដែរថា ថវិកាដែលបានពីការលក់សំបុត្រទាំងអស់ នឹងយកទៅជួយកែលម្អសាលាខ្វះខាត នៅជនបទក្នុងខេត្តមួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា ហើយរាល់ការចំណាយទាំងអស់ ក្នុងការរៀបចំកម្មវិធីនេះ នឹងត្រូវបានទទួលរ៉ាប់រងដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោតបាលីប្ល៊ែក ទឹកសុទ្ធកម្ពុជា ទឹកផ្លែឈើJoop និងភេសជ្ជៈប៉ូវកម្លាំង Wurkz។
អ្នកចាប់អារម្មណ៍ចូលរួមប្រកួត អាចចុះឈ្មោះបាននៅសហព័ន្ធអត្តពលិកខ្មែរ ដែលមានទីតាំងនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ឬចុះឈ្មោះតាមគេហទំព័រwww.activesport.com.kh ឬទំនាក់ទំនងតាមលេខទូរស័ព្ទ៖ ០១២ ៦៨២ ៨៨៣/០៧៧ ៦២៧ ៧៩១/០៨៦ ៦២៨ ៧៨៨៕
ខាងក្រោមនេះ ជារូបភាពនៃការប្រណាំងសាកល្បង របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស៖