(ស្វាយរៀង)៖ ព្រះវិហារវត្តពោធិតារាម ស្ថិតក្នុងភូមិថ្លុកវាយទថី២ ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង ដែលមានតម្លៃ ប្រមាណជិតថ៧០០លានរៀល ត្រូវបាននាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុករមាសហែក អញ្ជើញជាអធិបតីក្នុងពិធី បញ្ចុះខណ្ឌសីមា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧នេះ។
ក្នុងពិធីនេះ ក៏មានការចូលរួមពី លោក គឹម ធា ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និង លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងពុទ្ធបរិស័ទចំណុះជើកវត្ត យ៉ាងច្រើនកុះករផងដែរ។
លោក ពេញ ជា អភិបាលស្រុករមាសហែក បានធ្វើសេចក្តីរាយការណ៍ជូនអង្គពិធីជ្រាបថា វត្តពោធិតារាម បានចាប់ផ្តើមកសាងកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០២ មានអាយុកាល១៥ឆ្នាំ បានសង់លើផ្ទៃដីទំហំ២ហិចតា ដីនេះបានមកពីការបរិច្ចាគ របស់បងប្អូនពុទ្ធបរិស័ទ ចំណុះជើកវត្ត។ ព្រះវិហារដែលបានសាងសង់ មានទំហំ១៦ម៉ែត្រ គុណ៦,៧ម៉ែត្រ កម្ពស់ប្រវែង៧ម៉ែត្រ ចំណាយថវិកាសរុបចំនួន ៦៩៥.៥២០.០០០រៀល។
លោក ពេញ ជា បានបញ្ជាក់ថា ការកសាងព្រះវិហារនេះ ដោយមានការចូលរួមគាំទ្រឧបត្ថម្ភពីសំណាក់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ព្រមទាំងពុទ្ធបរិស័ទក្នុង និងក្រៅប្រទេស បានថវិកាសរុបចំនួន៦៤៥.៩៦០.០០០រៀល យកទៅទូទាត់នៅខ្វះថវិកាចំនួន៤៩.៥៦០.០០០រៀល។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ សៅ សុខា បានបរិច្ចាគថវិកាផ្ទាល់ខ្លួន និងកៀងគរប្រមូលថវិកាពីសប្បុរជន សរុបចំនួន៤៧លានរៀល ប្រគល់ជូនគណៈកម្មការវត្ត ដើម្បីទូទាត់បង្ហើយថវិកាការសាងសង់ព្រះវិហារនេះ៕