(ភ្នំពេញ)៖ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា-NACC និងជាប្រធានសហព័ន្ធសហជីពកម្មករកម្ពុជា-CLUF បានលើកឡើងថា ប្រាក់ឈ្នួលអប្បបរមាកម្មករសម្រាប់២០១៨ នឹងចាប់ផ្តើមពិភាក្សាទៅតាមកាលវិភាគ ដែលនឹងត្រូវចាប់ផ្តើម ចរចានៅខែកក្កដា ដល់ខែតុលា ខាងមុខនេះ។
ការថ្លែងបែបនេះ ត្រូវបានធ្វើឡើង នៅចំពោះមុខកម្មករជិត៤,០០០នាក់ ក្នុងពិធីសំណេះសំណាលអបសាទរ ខួបអនុស្សាវរីយ៍លើកទី ១៣១ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី០១ ឧសភា ឆ្នាំ២០១៧ នៅក្រុមហ៊ុន វ៉ាសាន់ អេចខេ ហ្វេកធើរី(ខេមបូឌា) ស្ថិតនៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោក សោម អូន បានបញ្ជាក់ថា «សូមបងប្អូនកម្មករទាំងអស់យល់ឲ្យច្បាស់អំពីនីតិវិធី និងយន្តការចរចាប្រាក់ឈ្នួលអប្បបរមា របស់កម្មករដែលត្រូវបានកំណត់ជាគោលការណ៍ របស់យន្តការត្រីភាគី គឺចរចាជារៀងរាល់ឆ្នាំ និងដំណើរការទៅតាមកាលវិភាគ ដែលមានរយៈពេល៤ខែ គឺចាប់ផ្តើមនៅខែសីហា និងបញ្ចប់នៅខែតុលា ហើយនឹងប្រកាសអោយអនុវត្តនៅខែមករា នៃឆ្នាំបន្ទាប់។ ដូចនេះសូមបងប្អូនកម្មករកុំយល់ច្រឡំឲ្យសោះថា ការតម្លើងប្រាក់ឈ្នួល គឺធ្វើឡើងដោយសារការទាមទាររបស់បុគ្គលណាមួយ ក្រុមណាមួយ ឬគណបក្សនយោបាយណាមួយ»។
លោកបន្ថែមថា យោងតាមកាលវិភាគ នៃការចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្មករសម្រាប់ឆ្នាំ២០១៨ នឹងត្រូវបានចាប់ផ្តើមប្រជុំ ពិភាក្សា នៅខែសីហា និងបញ្ចប់នៅខែតុលាខាងមុខនេះ ហើយលោកសង្ឃឹមថា នៅឆ្នាំ២០១៨កម្មករនិយោជិត នឹងទទួលបាន ប្រាក់ឈ្នួលគោលយ៉ាងហោចណាស់គឺលើស១៦០ដុល្លារក្នុងមួយខែ ដោយមិនទាន់បូកបញ្ចូលជាមួយអត្ថប្រយោជន៍ផ្សេងៗ ជាច្រើនទៀត។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ក្រុមហ៊ុន វ៉ាសាន់ អេចខេ ហ្វេកធើរី(ខេមបូឌា) បានប្រារព្វពិធីអបសាទរ ខួបអនុស្សាវរីយ៍លើកទី១៣១ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី០១ ឧសភា ឆ្នាំ២០១៧ នៃក្រោមប្រធានបទ «ដើម្បីសន្តិភាពការងារ មុខរបរ និងអភិវឌ្ឍន៍» និងពិសារអាហាសាមគ្គីអបអរសាទពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយមានការអញ្ជើញជា អធិបតីភាពពីសំណាក់ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ៕