(ភ្នំពេញ)៖ ​លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុម ការងារថ្នាក់ជាតិប្រចាំ ស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បានចូលរួមជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយ បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ និងសមាជិកគណបក្សប្រជាជនកម្ពុជា នៅ​ស្រុកខ្សាច់កណ្តាល សរុប​៨៧៨​រូប នៅព្រឹកថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៧។

​លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានផ្តាំផ្ញើការសាកសួរសុខទុក្ខពី សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជានិងជា ប្រធានគណបក្សប្រជាជនកម្ពុជា និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេចទាំងពីរតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ជាប់ជាប្រចាំអំពីសុខទុក្ខ និងការលំបាកខ្វះខាតរបស់ប្រជាជននៅទូទាំងប្រទេស​។

​ទេសរដ្ឋមន្រ្តី​ បានបញ្ជាក់ថា ​សមិទ្ធិផលដែលកើតមានឡើងនាពេលនេះ គឺជាសក្ខីភាពដែលបង្ហាញនូវភាពរីកចម្រើនរបស់ប្រទេសជាតិ លើគ្រប់វិស័យ ទាំងនៅទីក្រុង និងជនបទដាច់ស្រយ៉ាល ក្រោមការដឹកនាំ​របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជាដែលមាន សម្តេច​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី​។

បន្ថែមពីនេះ លោក​ក៏បានណែនាំដល់អាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរួមសហការគ្នាឲ្យបានជិតស្និទ្ធ ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ឲ្យបានកាន់តែប្រសើរឡើងថែមទៀត ដើម្បីផ្តល់នូវសេចក្តីសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ល្អជូនប្រជាពលរដ្ឋទូទាំងស្រុកខ្សាច់កណ្តាល។

​ជាពិសេសត្រូវពង្រឹងប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈគ្រប់ ប្រភេទជូនដល់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងមិនត្រូវយកកម្រៃអ្វីទាំងអស់ ពីការធ្វើលិខិតស្នាមផ្សេងៗ ជូនដល់ប្រជាពលរដ្ឋ ដែលរាជរដ្ឋាភិបាលបានសម្រេចរួចមកហើយ មានជាអាទិ៍ សៀវភៅស្នាក់នៅ, សៀវភៅគ្រួសារ, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, សំបុត្រកំណើត, សំបុត្រអាពាហ៍ពិពាហ៍, សំបុត្រមរណភាព​។ល​។
 
​ជាចុងបញ្ចប់ លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានក្រើនរំលឹកដល់បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ និងសមាជិកគណបក្ស ប្រជាជនកម្ពុជាទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ឲ្យបានល្អប្រសើរជូនដល់ប្រជាពលរដ្ឋ និងត្រូវស្វែងយល់ពីបញ្ហាប្រឈម និងទុក្ខកង្វល់របស់ ប្រជាពលរដ្ឋដើម្បីចាត់វិធានការដោះស្រាយឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕