(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៣ ខែមេសានេះ បាននាំថ្នាំពេទ្យ និងដឹកនាំក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន២១៦នាក់ ចុះពិនិត្យ ព្យាបាលជំងឺ និងចែកជូនអំណោយថ្នាំពេទ្យ ដល់ប្រជាពលរដ្ឋចំនួន១៩៩៦នាក់ ក្នុងនោះស្រ្ដីមានចំនួន១៤១៧នាក់ នៅវិទ្យាល័យអ៉ីតិយិគិវាលពង់ ស្ថិតក្នុងឃុំវាលពង់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានីនេះ ដឹកនាំផ្ទាល់ដោយ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ អមដំណើរដោយ លោក ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ, លោក យឹម យ៉ាន់ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោក នួន ថារ័ត្ន សមាជិកអចិន្ដ្រៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជា, លោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី, លោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក វិទ្យាស្ថានជាតិស្ថិតិ, លោក សំ រិទ្ធី ក្រុមប្រឹក្សាអ្នកច្បាប់, លោក លី ចាន់តុលា ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំវាលពង់, សាខាសកម្មជនក្រុមការងារយុវជនគណបក្សរាធានីភ្នំពេញ, លោក ឆាយ សត្យា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រសួងផែនការ, លោក អោ វណ្ណថេន ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ស្ពឺ, លោក នួន វាសនា អភិបាលស្រុកឧត្តុង្គ និង សហភាពសហព័ន្ធយុវជនកម្ពុជាស្រុងឧត្តុង្គ ខេត្តកំពង់ស្ពឺ។
ការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនោះរួមមាន៖ ជំងឺទូទៅ ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ...។ល។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាលតាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែសម្តេចតេជោទេ ដែលមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរើកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស។
សូមបញ្ជាក់ថា រយៈពេល៥២ខែ ឈានចូលឆ្នាំទី០៥ (២០១២-២០១៧) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន១៥៩៤នាក់ ចុះពិនិត្យនិងព្យាលបាលជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃចំនួន៧០លើក ក្នុងនោះព្យាលបាលជូនប្រជាពលរដ្ឋបានចំនួន៨៨៥៥៨នាក់ ចាប់តាំងពីខែធ្នូ ឆ្នាំ២០១២ រហូតដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧៕