(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានបញ្ជាក់ថា ខណៈកំពុងមមាញឹកនឹងការងាររបស់ខ្លួន ក្រុមការងារដែល រ៉ាប់រងស្ថាបនា ផ្លូវជាតិលេខ៥៥ សម្រេចបានលទ្ធផល ៧៥ភាគរយហើយ ដែលផ្លូវដ៏សំខាន់មួយខ្សែនេះ នឹងតភ្ជាប់ពីផ្លូវជាតិលេខ ទៅកាន់ឃុំថ្មដារ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ព្រំប្រទល់ខេត្តត្រាត (ខេត្តត្រាច) ប្រទេសថៃ។

លោកអភិបាលខេត្តថ្លែងដូច្នេះ ក្នុងពិធីបើកសម្ពោធសាលាឆាន់ និងសមិទ្ធផលមួយចំនួន ក្នុងវត្តបព្វតារុក្ខារាម ហៅវត្តភ្នំលោក ស្ថិតនៅឃុំសំរោង ស្រុកភ្នំក្រវាញ ជាមួយប្រធានអាជ្ញាធរជាតិអគ្គិសនី លោក ទី នរិន្ទ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧។

លោកថ្លែងយ៉ាងដូច្នេះថា «ផ្លូវជាតិលេខ៥៥ បាននិងកំពុងស្ថាបនាបាន ជាង៧៥% ហើយ តភ្ជាប់ពីផ្លូវជាតិ៥ ឆ្ពោះទៅកាន់ឃុំថ្មដារ ស្រុកវាលវែង ជាប់ព្រំប្រទល់ខេត្តត្រាត ប្រទេសថៃ»

ប្រមុខរដ្ឋបាលខេត្តពោធិ៍សាត់ និងលោកប្រធានអាជ្ញាធរជាតិអគ្គិសនី បានបញ្ជាក់ថា ខេត្តពោធិ៍សាត់ គឺជាខេត្តមួយក្នុង ចំណោមរាជធានី-ខេត្ត ទាំង២៥ ដែលប្រមុខរាជរដ្ឋាភិបាល មានសម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តី ផ្តោតការយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ បានច្រើនជាងគេ ដូចជា ទំនប់ទី៣ និងទំនប់ទី៥ នៅក្នុងស្រុកភ្នំក្រវាញ ដែលអាចស្តុកទឹកបាន ជាង៥០,០០០,០០០ម៉ែត្រគូប និងអាចស្រោចស្រពផលដំណាំកសិកម្ម បានទាំងរដូវប្រាំង និងរដូវវស្សា ព្រមទាំងតបណ្ដាញអគ្គិសនី ជូនប្រជាពលរដ្ឋផងដែរ។

ថ្នាក់ដឹកនាំទាំងពីរបានបន្តថា «ទាំងនេះក៏ដោយសារប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេស មានជីវភាពធូរធាសំបូរសប្បាយជាងមុន និងទទួលបាន ភាពល្អប្រសើរ លើកត្តាជាច្រើនផ្សេងៗទៀត»