Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន និងនាយឧត្តមសេនីយ៍ សៅ សុខា ចុះប្រគល់ផ្ទះ និងអំណោយជាច្រើន ជូនគ្រួសារយុទ្ធជនពិការ នៅខេត្តស្វាយរៀង

22-04-2017 20:49

(ស្វាយរៀង)៖ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជារង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអគ្គលេខាធិការរង នៃសមាគមអតីតយុទ្ធជនកម្ពុជា នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ បានដឹកនាំសហការីចុះប្រគល់ផ្ទះមួយខ្នង និងអំណោយជាច្រើន ជូនគ្រួសារយុទ្ធជនពិការមួយ ដល់ខេត្តស្វាយរៀងតែម្ដង។

ផ្ទះមួយខ្នងនេះ ធ្វើឡើងពីថ្ម ប្រក់ស័ង្កសី បណ្ដោយ៥ម៉ែត្រ និងទទឹង៨ម៉ែត្រ ជូនអតីតយុទ្ធជនពិការឈ្មោះ សោម សំអាត អាយុ៥៨ឆ្នាំ មានទីតាំងនៅភូមិស្វាយ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ក្នុងពិធីនោះ លោកស្រី ម៉ែន សំអន បានឧបត្ថម្ភបន្ថែមនូវថវិកាចំនួន ៧០០ដុល្លារ និង ១,២២០,០០០រៀល ចំណែកនាយឧត្តសេនីយ៍ សៅ សុខា ក៏បានឧបត្ថម្ភជូននូវម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម និងផ្ទាំងសូឡាប្រើពន្លឺព្រះអាទិត្យ ១គ្រឿង ទុកសម្រាប់ប្រើប្រាស់ក្នុងគ្រួសារផងដែរ។

ខណៈកំពុងទទួលផ្ទះដ៏ស្រស់ស្អាត ព្រមជាមួយអំណោយ និងថវិកាទាំងប៉ុន្មានខាងលើ យុទ្ធជនពិការ សោម សំអាត បានលើកដៃសំពះថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំទាំងពីរ និងសហការី ដែលបានខិតខំយកចិត្តទុកដាក់ចំពោះខ្លួន។

សកម្មភាពទាំងនេះ ត្រូវបានធ្វើឡើងជារើយៗច្រើនលើក និងច្រើនកន្លែងមកហើយ បានស្ដែងឲ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះបងប្អូនយុទ្ធជនពិការនៅគ្រប់ទិសទី ដែលពួកគាត់បានបូជាសាច់ស្រស់ឈាមស្រស់ ការពារជាតិមាតុភូមិ និងត្រដាបត្រដុះស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋ នាពេលកន្លងមកនោះ៕