(ព្រៃវែង)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ស សុខា បានចុះទៅពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាជនដោយមិនថ្លៃ បានជាង២ពាន់នាក់ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។ ប្រតិបត្តិការនេះ ពិនិត្យ និងព្យាបាលអ្នកជំងឺនេះ ក្រៅពីមិនគិតថ្លៃ ក៏មិនគិតពីនិន្នាការនយោបាយអ្វីទាំងអស់ សំខាន់គិតពីសុខភាពប្រជាជនជាធំ។
ក្នុងឱកាសបើកការពិនិត្យ និងព្យាបាលនេះ លោក ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសំដែងការដឹងគុណចំពោះប្រជាជន ក្នុងស្រុកកំចាយមារទាំងអស់ ដែលតែងតែគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ លោកបញ្ជាក់ថា រាល់ការបោះឆ្នោតក្នុងស្រុកកំចាយមារ តែងឈ្នះជានិច្ច។
អ្នកតំណាងរាស្ត្ររូបនេះ បានចាត់ទុកការសម្រេចចិត្ត របស់ប្រជាជនថាជាការគិតត្រូវ ដែលបងប្អូនបានមើលឃើញថា គណបក្សប្រជាជនកម្ពុជា ជាស្ថាបនិកសន្តិភាព និងការអភិវឌ្ឍ។ លោកក៏បាន លើកទឹកចិត្តឲ្យស្មារតីនេះ បូករួមទាំងប្រជាជនទូទាំងប្រទេស បន្តជឿជាក់លើការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ដែលឆ្ពោះទៅរកការកែទម្រង់ដើម្បីប្រជាជន។
លោក ស សុខា អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធានស.ស.យ.ក បញ្ជាក់ហើយបញ្ជាក់ទៀតថា ការព្យាបាលនេះ មិនយកប្រាក់ជាដាច់ខាត និងមិនរើសអើងនិន្នាការនយោបាយឡើយ គឺដើម្បីប្រយោជន៍ខ្មែរតែមួយ
តាមរបាយការណ៍ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា រាយការណ៍ថា លទ្ធផលពិនិត្យព្យាបាលជំងឺជូនប្រជាជនក្នុងស្រុកកំចាយមារក្នុងថ្ងៃនេះ បានជាង២០០០នាក់ ក្នុងនោះរួមមាន ផ្នែកកុមារ បានចំនួន ២២១នាក់, ផ្នែកទូទៅបានចំនួន ១៣៤៧ នាក់, ផ្នែកធ្មេញ បានចំនួន ៤១៦នាក់, ផ្នែកវះកាត់ និងអេកូ បានចំនួន ១០៣ នាក់, និងរោគស្រ្តី បានចំនួន ៦៧នាក់។ តួលេខសរុបនៃការពិនិត្យព្យាបាល បានចំនួន២១៥៤ នាក់៕