(ភ្នំពេញ)៖ លោក Datuk Saravanan អនុរដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡាម៉ាឡេស៊ី ប្រកាសជំហរយ៉ាងមុតមាំ ដើម្បីជួយដល់កម្ពុជា នៅក្នុងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ។ ការអះអាងនេះ បានធ្វើឡើងក្រោយបញ្ចប់ការរៀបចំ ព្រឹត្តិការណ៍រត់ BATON RUN អបអរដំណើរឆ្ពោះទៅការ ប្រកួតកីឡាស៊ីហ្គេម លើកទី២៩ និងកីឡាប៉ារ៉ាហ្គេម លើកទី៩ ឆ្នាំ២០១៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី តាមបណ្ដោយផ្លូវធំៗមួយចំនួន ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកមិញ ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ព្រឹត្តិការណ៍អន្ដរជាតិខាងលើ លោក Datuk Saravanan បានលើកឡើងថា ព្រឹត្តិការណ៍រត់ BATON RUN មិនត្រឹមតែផ្សព្វផ្សាយ ដំណើរឆ្ពោះទៅការប្រកួតឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមនាខែសីហា និងខែកញ្ញានោះទេ តែវាឆ្លុះបញ្ចាំងឲ្យឃើញពីការ រួបរួមសហគមន៍អាស៊ានតែមួយ ដើម្បីរឹតចំណងសាមគ្គីភាព រវាងប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំប្រទេស ក្នុងតំបន់អាស៊ានទាំងមូល ដើម្បីសម្រេចគោលដៅលើការ រៀបចំព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្ដរជាតិនានា ។
ជាក់ស្ដែង ចំពោះការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា លោកបានសន្យាថា នឹងនាំយកនូវបទពិសោធន៍ នៃការធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី២៩នាពេលឆាប់ៗខាងមុខ មកចែករំលែក ក៏ដូចជាបញ្ជូនមន្ដ្រីបច្ចេកទេស មកជួយដល់កម្ពុជា ដើម្បីជំរុញការធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ាន លើកដំបូង លើទឹកដីកម្ពុជានោះ ឲ្យទទួលបានជោគជ័យដូចបណ្ដាប្រទេសផ្សេងៗ ក្នុងតំបន់ ។ នេះជាការបញ្ជាក់បន្ថែម របស់លោកអនុរដ្ឋមន្ដ្រី Saravanan ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍រត់ BATON RUN លើចម្ងាយផ្លូវប្រមាន១០គីឡូម៉ែត្រ ដែលចេញដំណើរពីមុខស្ថានទូតម៉ាឡេស៊ី និងបញ្ចប់នៅពហុកីឡដ្ឋានជាតិ កាលពីព្រឹកមិញនេះ គឺទទួលបានអ្នកចូលរួមជាង ៦០០នាក់ ដោយមានការចូលរួមពីលោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងតំណាងក្រសួងអប់រំ មន្ដ្រីតំណាងស្ថានទូតម៉ាឡេស៊ី និងមន្ដ្រីស្ថានទូត គ្រប់ប្រទេសក្នុងតំបន់អាស៊ាន ប្រចាំនៅកម្ពុជា រួមទាំងកីឡាករ-កីឡាការិនីឆ្នើមៗរបស់កម្ពុជា ជាច្រើនប្រភេទកីឡា ផងដែរ៕