(ភ្នំពេញ)៖ កុមារគថ្លង់ ពិការ និងកំព្រា ប្រមាណ២០០នាក់ មកពីបណ្ដាអង្គការមនុស្សធម៌នានា បានអញ្ជើញមកចូលរួមទស្សនាភាពយន្ត ដោយឥតគិតថ្លៃ នៅរោងភាពយន្ត Major Cineplex By cellcard នៅព្រឹកថ្ងៃទី២២ ខែមេសាឆ្នាំ២០១៧នេះ ដើម្បីឲ្យពួកគេបានស្វែងយល់ ពីតថភាពរបស់សង្គម និងទទួលបាននូវចំណេះដឹង បទពិសោធន៍ថ្មីៗបន្ថែមទៀត បានមកពីការទស្សនាភាពយន្ត ខាងលើនេះ។
លោក សំបាន់ វិបុល អ្នកសម្របសម្រួល និងតំណាងមូលនិធិរក្សាកុមារ (Raksa Koma Foundation) បានថ្លែងឲ្យដឹងថា នេះជាលើកទី១ហើយ ដែលកុមារគថ្លង់ ពិការ និងកំព្រាទាំងអស់នេះ បានមកទស្សនាភាពយន្ត នៅរោងភាពយន្ត Major Cineplex By cellcard។ ការរៀបចំបែបនេះ គឺក្នុងគោលបំណងចង់ឲ្យពួកគេ មានការចងចាំ នូវអ្វីដែលមានលក្ខណៈប្លែក ភាពទាន់សម័យ និងការយល់ដឹងបន្ថែម ពីតថភាពសង្គមថ្មីជាច្រើនទៀត បន្ទាប់ពីពួកគេទទួលបានការបណ្ដុះបណ្ដាល នៅតាមអង្គការ ដែលពួកគេរស់នៅរួចមក។
លោកបន្តថា សកម្មភាពទាំងនេះ បានបញ្ជាក់ឲ្យឃើញពី ការងារមនុស្សធម៌ តាមរយៈការផ្ដល់ឱកាសឲ្យពួកគេ បានស្គាល់នូវរសជាតិថ្មីនៃជីវិត សិល្បៈនៃការរស់នៅ សម័យបច្ចេកវិទ្យា និងការចង់ចាំក្នុងខួរក្បាល ជាច្រើនទៀត បើទោះបីជា កុមារខ្លះគាត់មិនបានស្ដាប់ឮ ប៉ុន្តែគាត់អាចមើលឃើញ និងយល់ដឹងបានច្រើន តាមរយៈសាច់រឿង ដែលបានទស្សនា។ លោកបន្តទៀតថា កុមារទាំងអស់ ដែលបានមកទស្សនាភាពយន្ត នៅរោងភាពយន្ត Major Cineplex By cellcard នៅថ្ងៃនេះ មានចំនួនប្រមាណជាជិត២០០នាក់។
ដោយឡែកលោក សៅ សុខនី នាយកប្រតិបត្តិ នៃរោងភាពយន្ត Major Cineplex By cellcard បានថ្លែងឲ្យដឹងថា កម្មវិធីនេះ ធ្វើឡើងដើម្បីផ្ដល់ឱកាសឲ្យកុមារទាំងនេះ ទទួលបានបទពិសោធន៍ថ្មីៗ ពីការទស្សនាភាពយន្តខ្នាត ហូលីវូដ ជាមួយនឹងបច្ចេកវិទ្យា 3D យ៉ាងទំនើប។ លើសពីនេះ រោងភាពយន្ត Major By cellcard ក៏បានបរិច្ចាគទឹកប្រាក់បន្ថែម ជូនដល់អង្គការមិត្តភាពកម្ពុជា និងកុមារអន្តរជាតិ ចំនួន២០០ដុល្លារ បន្ថែមទៀតផងដែរ។
នាយកប្រតិបត្តិរូបនេះ បន្តទៀតថា Major By cellcard តែងតែចូលរួម លើកកម្ពស់ការអភិវឌ្ឍ និងលើកទឹកចិត្តដល់កុមារកម្ពុជា។ ជាក់ស្ដែង Major Cineplex By cellcard ព្រមទាំងអង្គការ ជេស៊ីអាយ (JCI) កម្ពុជា នឹងគ្រោងធ្វើកម្មវិធី សប្បុរសធម៌មួយចំនួនទៀត ដើម្បីជួយដល់កុមារកម្ពុជា។
សូមបញ្ជាក់ថា កុមារគថ្លង់ ពិការ និងកំព្រា ប្រមាណជិត២០០នាក់ ដែលមកពីបណ្ដាអង្គការមនុស្សធម៌នានា រួមមាន មកពីអង្គការ មិត្តភាពកម្ពុជា និងកុមារអន្តរជាតិ (CICFO Cambodia) ចំនួន៣០ នាក់, មកពីអង្គការ ការីតាស (Caritas Cambodia) ចំនួន២០ នាក់, មកពីអង្គការ ក្ដីសង្ឃឹមថ្មី ( New Hope) ចំនួន៥០នាក់ ,មកពីអង្គការគ្រួសារថ្មី (New Family) ចំនួន៧០នាក់ និងកុមារមកពីកម្មវិធីអភិវឌ្ឍមនុស្ស គថ្លង់ (DDP Cambodia) ចំនួន៦០នាក់។ ពួកគេទាំងអស់បានទស្សនារឿង «ស្មឺហ្វ ភូមិឋានដែលបាត់បង់» ដែលជាភាពយន្ត ប្រភេទ3D៕