(ភ្នំពេញ)៖ រថយន្ដទំនើប១គ្រឿង ម៉ាក Audi ពាក់ស្លាកលេខ នគរបាល 2-1981 បានបើកឆ្លងផ្លូវក្នុងល្បឿនយ៉ាងលឿន ដែលត្រូវបានគេឃើញថា បើកបរដោយស្ត្រីម្នាក់ ហើយជាន់ហ្វ្រាំងមិនជាប់ ក៏បានជ្រុលចង្កូតទៅបុកម៉ូតូសង់ឌ្រីម១គ្រឿងពេញទំហឹង បណ្ដាលបុរស២នាក់ឪពុក-កូន ជាម្ចាស់ម៉ូតូ រងរបួសយ៉ាងធ្ងន់ធ្ងរ។ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍រួចហើយ អ្នកបើករថយន្ត បានបើកគេចទាំងធ្លាក់កាង ចូលក្នុងបុរីមួយបាត់ស្រមោល ដោយមិនចេញមុខមកដោះស្រាយជាមួយជនរងគ្រោះនោះឡើយ។
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ ជនរងគ្រោះ បានទទូចទៅនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយអន្តរាគមន៍ផងរកយុត្តិធម៌ផង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩.៥០នាទីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ នៅត្រង់ចំណុចទល់មុខបុរីប៉េងហួត ស្ថិតក្នុងសង្កាតស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមសាក្សី មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះបើកម៉ូតូម៉ាក ឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1DG-5657 ដោយរួមដំណើរជាមួយកូនតូច ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនមធ្យម ខណៈបើកមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តអូឌីទំនើប១គ្រឿង ពណ៌ស ពាក់ស្លាកលេខនគរបាល 2-1981 បើកដោយនារីម្នាក់ពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ដើម្បីឆ្លងផ្លូវចូលបុរីប៉េងហួត ដោយខ្វះការប្រុងប្រយត្ន័ និងជាន់ហ្វ្រាំងមិនជាប់ ក៏បានជ្រុលចង្កូតទៅបុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្ដាលឲ្យទាំង២នាក់ឪពុកកូន ដួលបោកនិងថ្នល់រងរបួសយ៉ាងធ្ងន់ធ្ងរ។ ខណៈរថយន្តបង្កបានធ្លាក់កាងខាងមុខ ហើយមិនព្រមឈប់ឡើយ ព្យាយាមបើករត់គេចទាំងមិនទទួលខុសត្រូវ និងធ្លាក់កាងចូលក្នុងបុរីប៉េងហួត បាត់ស្រមោលតែម្ដង។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ ជួយបញ្ជូនជនរងគ្រោះទាំង២នាក់ឪពុក-កូន ដើម្បីយកទៅសង្គ្រោះភ្លាមៗ តាមរថយន្ដគ្លីនិកឯកជនសួរគ៌ា រួមនិងធ្វើការស្រាវជ្រាវជុំវិញហេតុការណ៍ដែលបានកើតឡើង ហើយបានរកឃើញយ៉ាងច្បាស់ថា ទាំងរថយន្តស្លាកលេខ នគរបាល2-1981 ដែលបានបើកបុកម៉ូតូរងគ្រោះ រួមជាមួយនិងទីកន្លែងស្នាក់នៅ របស់ជនបង្ករផងដែរ ទើបសម្រេចយកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ព្រមទាំងណែនាំឲ្យជនរងគ្រោះ ដាក់ពាក្យបណ្ដឹង ដើម្បីមានវិធានការតាមផ្លូវច្បាប់ ក្នុងការស្វែងរកជនបង្ករឲ្យមកទទួលខុសត្រូវលើករណីនេះ។
បើទោះជាយ៉ាងនេះក្ដី ជនរងគ្រោះជាម្ចាស់ម៉ូតូ នៅតែទទូចសុំកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសនាយឧត្តមសេនីយ៍ ជួន សុវណ្ណ មេត្តាជួយមានវិធានការ ស៊ើបអង្កេត រកជនបង្កឲ្យមកទទួលខុសត្រូវលើករណីនេះផង ដើម្បីផ្ដល់ភាពយុត្តិធម៌សម្រាប់ដល់ពួកគេទាំង២នាក់ផងដែរ៕