(ព្រះវិហារ)៖ ថ្លែងទៅកាន់ប្រជាពលរដ្ឋជាង៥០០នាក់ នៅភូមិត្រពាំងទឹម ឃុំរមទម ស្រុករវៀង នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា និងជាអភិបាលខេត្តព្រះវិហារ បានអំពាវនាវយ៉ាងដូច្នេះថា «បងប្អូនប្រជាពលរដ្ឋយើង រួមគ្នាថែរក្សាសន្តិភាព ដែលកើតឡើងដោយការលំបាកនេះ ឲ្យស្ថិតស្ថេរគង់វង្សយូរអង្វែង ដែលជាប្រយោជន៍ដល់ការរស់នៅ ប្រកបដោយសុខសន្តិភាព របស់បងប្អូនប្រជាពលរដ្ឋយើង»។
ការអំពាវនាវរបស់អភិបាលខេត្តរូបនេះ ធ្វើឡើងក្នុងឱកាស ដែលលោករួមជាមួយក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះជួយស្រុករវៀង និងឃុំរមទម ប្រគល់ផ្ទះមួយខ្នងដែលជាអំណោយ របស់គណបក្សប្រជាជនកម្ពុជាខេត្ត ជូនចាស់រាគ្មានទីពឹងមួយគ្រួសារ។
លោក អ៊ុន ចាន់ដា បានលើកឡើងថា ឆ្លងតាមរបត់នយោបាយជាច្រើនជំនាន់មកប្រទេសជាតិរបស់យើង មិនដែលបានទទួលសុខសន្តិភាព បានពេញលេញយូរអង្វែង ដូចបច្ចុប្បន្ននេះទេ តែងជួបនូវហេតុការសង្គ្រាមជាញឹកញាប់ ធ្វើឲ្យប្រជាពលរដ្ឋមានការលំបាក និងប្រទេសជាតិ គ្មានការរីកចម្រើន ប៉ុន្តែក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះ ប្រទេសជាតិ បានទទួលសុខសន្តិភាព ជាង៣០ឆ្នាំទៅហើយ ដែលសន្តិភាពនេះ គឺកើតឡើងដោយការលំបាកណាស់ ការលះបង់សព្វបែបយ៉ាងរបស់ឥស្សរជនជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្រោមគោលនយោបាយឈ្នះឈ្នះ ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
លោកបន្ដថា ស្របពេលការបោះឆ្នោតជិតមកដល់ម្តងៗ តែងតែមានក្រុមខ្លះ គណបក្សនយោបាយខ្លះ តែងដើរចាក់រុកឆ្កឹះឆ្គៀលបំផុសប្រជាពលរដ្ឋ វាយប្រហារគណបក្សប្រជាជនកម្ពុជា វាយប្រហាររាជរដ្ឋាភិបាល ក្នុងន័យបង្កអសន្តិសុខផ្សេងៗក្នុងសង្គម ដែលករណីនេះ លោកសូមឲ្យប្រជាពលរដ្ឋត្រូវធ្វើការពិចារណាឲ្យបានច្បាស់លាស់កុំជឿការឃោសនារបស់គេ។
ក្នុងន័យនេះ លោកអភិបាលខេត្ត សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នាៗ នៅថ្ងៃខាងមុខនេះ។ ចុងបញ្ចុបនៃកម្មវិធី លោកបានឧបត្ថម្ភអំណោយមួយចំនួនដល់អ្នកចូលរួម និងពិសារអាហារសាមគ្គីផងដែរ៕