(ត្បូងឃ្មុំ)៖ អភិបាលខេត្តត្បូងឃ្មុំ លោក ប្រាជ្ញ ចន្ទ បានលើកឡើងថា យុវជនសម័យនេះ គឺមានឱកាសសព្វគ្រប់បែបយ៉ាង ដោយសារប្រទេសជាតិមានសុខសន្ដិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ ហើយអ្វីដែលកាន់តែពិសេសទៀតនោះ វិស័យអប់រំត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសំណាក់រាជរដ្ឋាភិបាល ទាំងនៅក្នុងប្រទេស និងការផ្តល់ឱកាសទៅសិក្សានៅក្រៅប្រទេស។
ថ្លែងបែបនេះ របស់លោកអភិបាល ត្រូវបានធ្វើឡើង ក្នុងឱកាសជួបសំណេះសំណាលជាមួយ សិស្សពូកែចំនួន២១នាក់ ដែលត្រៀមចេញទៅប្រឡងសិស្សពូកែទូទាំងប្រទេសនាពេលខាងមុខនេះ។ ពិធីនេះ ត្រូវបានធ្វើនៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ ក្នុងនោះក៏មានការចូលរួមពី លោកគ្រូ អ្នកគ្រូ ជាអ្នកបង្ហាត់បង្រៀនផង ដើម្បីជាការលើកទឹកចិត្ត និងផ្តល់ការណែនាំបន្ថែម។
អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ប្រទេសជាតិមួយមានភាពរីកចម្រើន លើគ្រប់វិស័យទៅបាន អាស្រ័យលើធនធានមនុស្ស ហើយយុវជន គឺជាអ្នកបន្តការងារនេះ ដូច្នេះសូមយុវជនទាំងអស់មិនតែថាតែនៅទីនេះ គឺត្រូវខិតខំសិក្សារៀនសូត្រឲ្យបានគ្រប់គ្នា ដោយកុំយកពេលវេលាទៅដើរលេង ប្រព្រឹត្តិអំពើខុសច្បាប់ ពិសេសត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន។
ជាមួយគ្នានោះលោក ក៏បានជូនពរដល់សិស្សពូកែទាំង២១នាក់ ឲ្យទទួលបានជោគជ័យ ក្នុងឱកាសប្រឡងសិស្សពូកែថ្នាក់ជាតិ ដើម្បីនាំមកនូវកិត្តិយសជូនខេត្ត សាលា និងក្រុមគ្រួសារ។
បើតាមរបាយការណ៍របស់លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា មន្ទីរបានកំណត់យកសិស្សពូកែទូទាំងខេត្ត១៦៩នាក់ សម្រាប់ចូលរួមប្រឡងថ្នាក់ខេត្ត ក្នុងនោះមន្ទីរ ជ្រើសរើសបានសិស្សជ័យលាភីចំនួន ២១នាក់ ពោលគឺថ្នាក់ទី៩ ចំនួន១២នាក់ និងថ្នាក់ទី១២ ចំនួន០៩នាក់។ សិស្សទាំង២១នាក់នេះ នឹងត្រូវទៅចូលរួមប្រឡងប្រជែងសិស្សពូកែទូទាំងប្រទេសនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ខាងមុខនេះ នៅវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង៕