(សៀមរាប)៖ អតីតមេបញ្ជាការរងអាវុធហត្ថខេត្តសៀមរាប និងបច្ចុប្បន្នផ្លាស់ប្ដូរមកបម្រើការងារ នៅនាយកដ្ឋានមួយ ក្នុងក្រសួងការពារជាតិ លោក ដាំ ដារាលីន វ័យជាង៥០ឆ្នាំ បានទម្លាយការឈឺចាប់ និងភាពអាម៉ាស់របស់ខ្លួន បន្ទាប់ពីប្រពន្ធដែលបានរៀបការពេញច្បាប់ កាលពីឆ្នាំ២០០៣ រហូតមានកូនប្រុសស្រី២នាក់ជាមួយគ្នានោះ បានផិតក្បត់ទៅដេកនៅ និងរួមភេទជាមួយអ្នកបម្រើក្នុងផ្ទះ។

អំពីផិតក្បត់ដែលបានកើតឡើង៣លើក និងនៅថ្ងៃចុងក្រោយដែលលោកតាមទាន់ពួកគេទាំង២នាក់ ស្ថិតក្នុងបន្ទប់ជួលតែមួយ គឺថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ ដែលពេលនោះហើយ បានបង្ខំឲ្យមន្ដ្រីយោធារូបនេះ រៀបចំឯកសារប្ដឹងទៅតុលាការខេត្តសៀមរាប ដើម្បីលែងលះតែម្តង។

ទន្ទឹមនឹងការដាក់ពាក្យបណ្ដឹង សុំលែងលះជាមួយប្រពន្ធផិតក្បត់របស់ខ្លួនដែលឈ្មោះ​ សេង សុធាវុន អាយុជាង៣០ឆ្នាំ លោក ដាំ ដារាលីន ក៏បានប្ដឹងទៅតុលាការ សុំចែកទ្រព្យសម្បត្តិយកមកគ្រប់គ្រងជាច្រើន ព្រមទាំងសុំទាមទារកូនម្នាក់ ក្នុងចំណោម២នាក់ យកមកគ្រប់គ្រងបីបាច់ថែរក្សា ប៉ុន្ដែនៅទីបំផុត មិនត្រូវបានតុលាការ សម្រេចជូនតាមការទាមទាររបស់លោកឡើយ។

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ មន្ដ្រីយោធារូបនេះ បានធ្វើដំណើរមកកាន់ការិយាល័យព័ត៌មាន Fresh News ដើម្បីសុំឲ្យជួយចុះផ្សាយ ពីរឿងរ៉ាវដ៏អាម៉ាស់របស់ខ្លួន និងទទួចសុំឲ្យថ្នាក់ដឹកនាំសាលាឧទ្ធរណ៍ ដែលលោកដាក់ពាក្យប្ដឹងបន្ដកាន់ក្ដីប្រកបដោយយុត្តិធម៌ ឆ្លើយតបទៅតាមការទាមទាររបស់លោក ទៅលើការគ្រប់គ្រងទ្រព្យសម្បត្តិ ដីធ្លី និងកូនម្នាក់ ក្នុងចំណោម២នាក់។

លោក ដាំ ដារាលីន ដែលមានទីលំនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប និងបច្ចុប្បន្នមករស់នៅរាជធានីភ្នំពេញ ព្រោះតែបានផ្លាស់ប្ដូរការងារ មកក្រសួងការពារជាតិ ក្រោយពីមានរឿងដ៏អាម៉ាស់នេះ បានរៀបរាប់ពីដំណើររឿងដ៏កំសត់របស់ខ្លួនថា គាត់ និងប្រពន្ធ សេង សុធាវុន បានរៀបអាពាហ៍ពិពាហ៍ពេញច្បាប់ កាលពីអំឡុងឆ្នាំ២០០៣ ហើយបានចុះសំបុត្រអាពាហ៍ពិពាហ៍ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ ហើយបច្ចុប្បន្ន​ពួកគេ មានកូនបុ្រសស្រីចំនួន២នាក់។ ក្រោយពីរៀបអាពាហ៍ពិពាហ៍រួច រហូតដល់ខែឧសភា ឆ្នាំ២០១៤ ពួកគេ និងកូនទាំង២នាក់ បានមករស់នៅក្រុងសៀមរាប ប៉ុន្ដែការរស់នៅជាមួយគ្នា អស់រយៈពេលប៉ុន្មានឆ្នាំមកនេះ តែងតែឈ្លោះប្រកែករហូតប្រពន្ធ សុំលែងលះទៀតផង ប៉ុន្ដែលោកមិនព្រមដោយសារតែអាណិតកូនទាំង២នាក់។

ព្រោះតែភាពមិនចុះសម្រុងគ្នា ហើយប្រពន្ធខឹងគ្មានថ្ងៃលោះនោះ បានធ្វើឲ្យលោកមានការសង្ស័យអំពីទំនាក់ទំនង និងស្នេហាលួចលាក់ រវាងប្រពន្ធរបស់លោក និងអ្នកបម្រើនៅក្នុងផ្ទះឈ្មោះ យិត សំបៀន រហូតតាមទាន់ពូកគេទាំង២នាក់ កំពុងស្ថិតក្នុងបន្ទប់ជួលតែមួយ (បន្ទាប់ពីរួមភេទរួច) នៅថ្ងៃទី១៧ ខែធ្នួ ឆ្នាំ២០១៤។ ក្រោយពីឃើញច្បាស់ក្រឡែតពីទង្វើផិតក្បត់របស់ប្រពន្ធ បានបង្ខំឲ្យអតីតមន្ដ្រីអាវុធហត្ថរូបនេះ ក៏បានដាក់ពាក្យបណ្ដឹងលែងលះ ទៅកាន់តុលាការខេត្តសៀមរាប លុះដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ លោក លឹម សុគន្ធារ៉ា ចៅក្រមជំនុំជម្រះ បានសម្រេចផ្ដន្ទាទោសប្រពន្ធរបស់លោក ដាក់ពន្ធនាគា៣ខែ តែត្រូវភ្ជួរ និងពិន័យជាប្រាក់ចំនួន១លានរៀល ពីបទ «អំពើផិត» ប្រព្រឹត្តិនៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។ តាមសាលក្រមនេះ តុលាការក៏បានបង្គាប់ឲ្យស្ដ្រីរូបនេះ សងសំណងជំងឺចិត្តទៅប្ដីរបស់ខ្លួន ចំនួន១០លានរៀលទៀតផង។

លោក ដាំ ដារាលីន ដោយសារតែការសម្រេចរបស់តុលាការមិនបានបំពេញ តាមការទាមទាររបស់លោកនោះ ក៏បានដាក់ពាក្យបណ្ដឹង បន្ដមកសាលាឧទ្ធរណ៍បន្ដទៀត កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦។ នៅក្នុងពាក្យបណ្ដឹង មន្ដ្រីយោធារូបនេះ បានចាត់ទុកថា ការសម្រេចរបស់សាលាដំបូងខេត្តមិនយុត្តិធម៌ ដែលធ្វើឲ្យលោកមានការខាតបង់យ៉ាងខ្លាំង ហើយការផ្ដន្ទាទោសទៅអតីតភរិយារបស់ខ្លួននោះ មានទំហំស្រាលពេក។

ជាមួយនឹងការដាក់ពាក្យបណ្តឹងនេះ លោក ដាំ ដារាលីន សូមអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងសាលាឧទ្ធរណ៍ សម្រេចរឿងក្ដីនេះ ប្រកបដោយយុត្តិធម៌ចំពោះការទាមទាររបស់លោក ទាំងទ្រព្យសម្បត្តិ និងការគ្រប់គ្រងកូនផង។ យ៉ាងណាក៏ដោយ ចំពោះការលើកឡើងពីសំណាក់ មន្ដ្រីយោធារូបនេះអង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបំភ្លឺពី អ្នកស្រី សេង សុធាវុន បាននោះឡើយនៅថ្ងៃដដែលនេះ។

យោងតាមសាលក្រមរបស់សាលាដំបូងខេត្តសៀមរាប បានឲ្យដឹងថា​ ស្ដ្រីរូបនេះ និងឈ្មោះ យិត សំបៀន បានលួចស្រឡាញ់គ្នារហូត ឈានដល់ការរួមភេទ ចំនួន៣ដងនៅក្នុងផ្ទះជួល របស់ឈ្មោះ យិត សំបៀន ហើយត្រូវបានប្ដីតាមទាន់កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤៕