(កំពត)៖ កម្លាំងនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលជំនាញស្រុកឈូក ខេត្តកំពត បានឆ្មក់ចូលបង្ក្រាបបានជនជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ ក្នុងនោះដកហូតថ្នាំញៀនបានចំនួន១៤កញ្ចប់ ក្នុងនោះធំចំនួន០២កញ្ចប់។
ក្នុងការឆ្មក់ចូលបង្រ្កាបខាងលើនេះដោយមានការបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅវេលាម៉ោង០៩៖៤០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត។
មន្ត្រីនគរបាលព្រហ្មទណ្ឌខេត្ត ដែលមានភារកិច្ចចុះបង្ក្រាបនេះបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ងួន រ៉ាវី អាយុ២២ឆ្នាំ រស់នៅភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ខេត្តកំពត និងដកហូតថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១៤កញ្ចប់ ក្នុងនោះតូច១២កញ្ចប់ និងធំ២កញ្ចប់។
បច្ចុប្បន្នកម្លាំងសហការខាងលើ បាននិងកំពុងបន្តនីតិវិធី ចុះឆែកឆេរស្រាវជ្រាវរកវត្ថុតាងនៅផ្ទះជនសង្ស័យបន្តទៀត ដើម្បីបំពេញសំណុំរឿង អនុវត្តតាមនីតិវិធីច្បាប់៕