(ត្បូងឃ្មុំ)៖ ប្រជាកសិករ ខេត្តត្បូងឃ្មុំ និយមដាំដំណាំម្រេចច្រើនជាងដំណាំផ្សេងៗ ពូជម្រេចមាន៣ប្រភេទ ដែលកសិករជ្រើសយកមកដាំ ដោយសារវាឲ្យផលល្អ ហើយធន់អាកាសធាតុ ឆ្នាំនេះការប្រមូលផលរបស់កសិករ បានផលល្អជាងឆ្នាំទៅ ប៉ុន្តែតម្លៃទីផ្សារថោកជាងឆ្នាំទៅ ជិតពាក់កណ្តាល។
លោក ឈឹម សាវ័ន ប្រជាកសិកររស់នៅក្នុងស្រុកមេមត់ ដែលមានបទពិសោធន៍ ក្នុងការដាំដំណាំម្រេចរយៈពេល២០ឆ្នាំមកហើយ បានបញ្ជាក់ឲ្យដឹងថា ជាទូទៅ ប្រជាកសិករក្នុងខេត្តត្បូងឃ្មុំនិយមដាំពូជម្រេច ចំនួន៣ប្រភេទ រួមមាន៖ ពូជម្រេចខ្មែរ ហៅថាម្រេចបាយ, ពូជម្រេចជូរលិន, និងពូជម្រេចឥណ្ឌា។ ពូជម្រេចទាំង៣ប្រភេទ ឲ្យផលប្រហាក់ប្រហែលគ្នា វាអាស្រ័យលើការថែទាំរបស់កសិករ បើការថែទាំដិតដល់ម្រេចឲ្យផលអាចពី៥ ទៅ៦តោន ក្នុង១ហិចតា។
ការដាំដុះក្នុងរយៈពេលជាង១ឆ្នាំទៅ២ឆ្នាំ ម្រេចចាប់ឲ្យផលហើយ ប៉ុន្តែវាឲ្យពេញលេញវាមានអាយុ ចាប់ពី៣ ទៅ៤ឆ្នាំ។ ការថែទាំកសិករត្រូវស្រោចទឹករាល់៣ថ្ងៃម្តង គឺស្រោចទឹកឲ្យសើមជោគដី ការប្រើប្រាស់ជីកសិករត្រូវប្រើជី អ៊ីអ៊ឹម និង ជីលាមកគោ ជីទាំង២មុខនេះ ជាការគ្រប់គ្រាន់សម្រាប់ដំណាំម្រេច។
ការទុកស្មៅនៅក្នុងទីចំការល្អម៉្យាងដែរ នៅរដូវប្រាំងវាជួយឲ្យដីចំការមានជាតិសើម ពេលយប់វាជួយបឺតទឹកសន្សើមថែមទៀតផង តែវាក៏ត្រូវការជីដែរ តែនៅរដូវវស្សាកសិករ ត្រូវតែជំរាស់វាចោលទើបល្អ ដើម្បីជៀសវាងម្រេចជាំទឹក បណ្តាលឲ្យម្រេចងាប់។
លោក លឹម សាវ័ន បន្តថា ម្រេចវាមានអាយុកាលវែងណាស់ គាត់ដាំលើផ្ទៃដី៣ហិចតា រយៈពេល២០ឆ្នាំមកហើយ គាត់នៅតែប្រមូលផលរហូតមក។ កសិករចាប់ប្រមូលផលពីខែកុម្ភៈ រហូតដល់ខែមិថុនា ទើបបេះផ្លែវាអស់។ ឆ្នាំនេះ ម្រេចឲ្យផលល្អ ដោយសារ អាកាសធាតុល្អ មានធ្លាក់ភ្លៀងជាហូរហែ តែតម្លៃទីផ្សារក្នុង១គីឡូក្រាម តម្លៃ១៩០០០រៀល ចាញ់ឆ្នាំទៅតម្លៃរហូតដល់៣២០០០រៀល ។
លោក ឈឹម សាវ័ន បានបញ្ជាក់ឲ្យដឹងទៀតថា ភាពប្រឈមរបស់កសិករសម្រាប់ដំណាំម្រេច គឺតម្លៃចុះថោកប៉ុណ្ណោះ ផាត់ថ្លៃជី ការថែទាំ កសិករចំណេញតែតិចតួចណាស់។ សម្រាប់ម្រេចងាប់ មានមូលហេតុ មកពីអាកាសធាតុក្តៅពេក ភ្លៀងខ្លាំងពេកបណ្តាលឲ្យជាំទឹក ការប្រើគីមីជីខុសបច្ចេកទេស ដូចជាការប្រើជីកែង ជីកុក និងក្បាលក្របីជាដើម វាឆាប់ឲ្យផលតែវាក៏ឆាប់ងាប់ដែរ យោងតាមបទពិសោធន៍ គ្មានជីអ្វី ល្អជាងការប្រើជី អ៊ីអ៊ឹម និង ជីលាមកគោនោះទេ ។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្ត បានបញ្ជាក់បា្រប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តត្បូងឃ្មុំនៅព្រឹកថ្ងៃទី២២ ខែមេសានេះថា ខេត្តត្បូងឃ្មុំ ប្រជាកសិករបានដាំដំណាំម្រេចទាំង៧ ស្រុក/ក្រុង ហើយក្នុងនោះស្រុកមេមត់ បានដាំម្រេចច្រើនជាងគេ គឺរហូតដល់ចំនួន២១០០ហិចតាឯណោះ។
លោកបញ្ជាក់ទៀតថា សម្រាប់មូលហេតុដែលនាំតម្លៃម្រេចធ្លាក់ចុះ ដោយសារបរិមាណម្រេចលើសតម្រូវការ និងពាក់ព័ន្ធទីផ្សារអន្តរជាតិផងដែរ។ ជាមួគ្នានេះ លោក ហេង ពិសិដ្ឋ ណែនាំឲ្យកសិករដែលដាំម្រេចប្រើប្រាស់ជី និងថ្នាំ តាមបែបធម្មជាតិ ដើម្បីកាត់បន្ថយការចំណាយ និងបង្កើនគុណភាពផលិតផលម្រេច។ ពិសេសដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃតម្លៃនោះ កសិករគួរតែចងក្រងគ្នាជាសហគមន៍ ព្រោះងាយស្រួលរកទីផ្សារ ជាងការលក់ចេញជាលក្ខណៈបុគ្គល លើសពីនេះមន្ទីរនឹងជួយរកដៃគូឯកជនជូនកិសករផងដែរ៕