(រតនគិរី)៖ ដោយមានកិច្ចសហការយ៉ាងស្អិតរមួត រវាងកម្លាំងនគរបាលខេត្តព្រះសីហនុ និងកម្លាំងនគរបាលខេត្តរតនគិរី បានចាប់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិកាទៀង ឃុំល្បាំង១ ស្រុកលំផាត់ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ ដែលជាឃាតកសម្លាប់មនុស្សនៅខេត្តព្រះសីហនុ កាលពី៨ឆ្នាំមុន។
លោកឧត្តមសេនីយ៍ត្រី ផែន ឌីណា ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌ ប្រាប់ឲ្យដឹងថា កម្លាំងក្រោមឱវាទលោក បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ គឺចុះអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៣៣ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០០៩ ដោយចៅក្រមស៊ើបសួរ គឹម អេង នៃសាលាដំបូងខេត្តព្រះសីហនុ ពីបទមនុស្សឃាតដោយចេតនា។ លោកឧត្តមសេនីយ៍រូបនេះ បន្តថាជនសង្ស័យឈ្មោះ ថាច់ យ៉ាង ភេទប្រុស អាយុ៣២ឆ្នាំ។
បើតាមលោកស្នងការរង ជនសង្ស័យធ្វើសកម្មភាពពាក់ព័ន្ធមនុស្សឃាត ប្រព្រឹត្តទៅកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០០៩ នៅចំណុចភូមិអូរតាប៉ាង ឃុំឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រួចរត់មកសំងំលាក់ខ្លួននៅស្រុកកំណើត។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅស្នងការដ្ឋាននគរបាលខេត្តរតនគិរី រង់ចាំកម្លាំងជំនាញខេត្តព្រះសីហនុមកទទួលយកទៅអនុវត្តនីតិវិធីបន្ត៕