(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់, របួសធ្ងន់១១នាក់ និងរបួសស្រាល៤នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៨លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៩គ្រឿង រថយន្ដធុនតូចចំនួន១គ្រឿង, រថយន្ដធុនធំ២គ្រឿង និងគោយន្ដ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន២លើក, មិនគោរពសិទ្ធិ២លើក, ស្រវឹង១លើក, បត់គ្រោះថ្នាក់១លើក, មិនប្រកាន់ស្ដាំ១លើក និងប្រជែង១លើក។
សូមបញ្ជាក់ថា រយៈពេល២១ថ្ងៃចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួនលើក២៦៩ បណ្ដាលឲ្យមនុស្សស្លាប់១៣៩នាក់ របួសធ្ងន់ចំនួន៣០៥នាក់ និងរងរបួសស្រាលចំនួន២២១នាក់៕