(ស្ទឹងត្រែង)៖ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយអាវុធហត្ថមូលដ្ឋានក្រុងស្ទឹងត្រែង សរុបចំនួន៣២នាក់ រថយន្ត៦គ្រឿង ម៉ូតូ៥គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរងអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលពីលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ បានបើកប្រតិបត្តិការចុះបង្ក្រាប ល្បែងកន្ទុយលេខចំនួន៧កន្លែង នៅក្រុងស្ទឹងត្រែង។ សម្រាប់ប្រតិបត្តិការចុះល្បែងកន្ទុយលេខដ៏ធំខាងលើនេះ កម្លាំងអាវុធហត្ថបានឃាត់ខ្លួនមនុស្សបាន៩នាក់។
លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង បានប្រាប់អង្គភាព Fresh News ថា ជនសង្ស័យដែលឃាត់ខ្លួនបានទី១៖ឈ្មោះ តាន់ លក្ខិណា (មុំ) ភេទស្រី អាយុ៤៩ឆ្នាំ, ទី២៖ឈ្មោះ លឹម ជាសុតា អាយុ៣០ឆ្នាំ, ទី៣៖ឈ្មោះ ប៊ុន ណារី អាយុ២៧ឆ្នាំ, ទី៤៖ឈ្មោះ គឹម ចាន់រស្មី អាយុ២៦ឆ្នាំ, ទី៥៖ឈ្មោះ ឆាន់ ស្រីរ័ត្ន អាយុ៣៣ឆ្នាំ, ទី៦៖ឈ្មោះ នាត ស្រីល័ក្ខ អាយុ២៥, ទី៧៖ឈ្មោះ តាំ ស៊ឺលី អាយុ៣៣ឆ្នាំ, ទី៨៖ឈ្មោះ កែវ ទុង (ស្រី) អាយុ៤២ឆ្នាំ និងទី៩៖ ឈ្មោះ ឯក ម៉ៅ អាយុ៥៥ឆ្នាំ។
បើតាមលោកមេបញ្ជាការ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញដកហូតបានវត្ថុតាងពាក់ព័ន្ធមួយចំនួនផងដែរ។ បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យកំពុងឃាត់ និងរក្សាទុកក្នុងអង្គភាព ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕