(ព្រះវិហារ)៖ កាណូតប្រដេញមួយគ្រឿង ដែលជាអំណោយរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបានអភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា ធ្វើការប្រគល់ជូនមន្ត្រី BLOប្រចាំការ នៅច្រកកំពង់ស្រឡៅ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះសម្រាប់ប្រើប្រាស់ក្នុងការប្រតិបត្តិការ បង្ក្រាបគ្រឿងញៀន ដែលធ្វើចរាចរតាមដងទន្លេមេគង្គលើ និងទន្លេពៅ ដែលជាព្រំប្រទល់រវាងខេត្តព្រះវិហារ និងខេត្តចំប៉ាសាក់ ប្រទេសឡាវ។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានធ្វើការណែនាំការងារចាំបាច់មួយចំនួន ដល់មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ ប្រជាការពារ និងកងកម្លាំងទាំង៣ ក្នុងឃុំកំពង់ស្រឡៅ១ ស្រុកឆែប និងបានផ្សព្វផ្សាយវិធានការអប់រំ ធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ពីវិធានការច្បាប់ និងវិធានការរដ្ឋបាល វិធានការព្យាបាល និងស្តានិតិសម្បទា និងវិធានការទប់ស្កាត់បទល្មើសគ្រឿងញៀន ឆ្លងកាត់តាមព្រំដែនផងដែរ។
លោក អ៊ុន ចាន់ដា បានស្នើដល់មន្ត្រី ពេលដែលបានការណូតនេះរួច សូមធ្វើការថែរក្សាប្រយោជន៍ដើម្បីឲ្យការប្រើប្រាស់ បានយូរអង្វែង និងត្រូវខិតខំបង្ក្រាបបទល្មើសគ្រឿងញៀន ដែលចរាចរតាមដងទន្លេមេគង្គឲ្យមានប្រសិទ្ធិភាព។
សូមបញ្ជាក់ថា ចាប់តាំងពីការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរយៈពេល៦ខែដើមឆ្នាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខេត្តព្រះវិហារ បានបង្ក្រាបគ្រឿងញៀនជាច្រើនករណី ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន យកទៅផ្តន្ទាទោសបានជាច្រើននាក់ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាតាមមូលដ្ឋានភូមិ-ឃុំ មានភាពកក់ក្តៅក្នុងការរស់នៅ និងប្រកបរបទទួលទានផ្សេងៗ៕