(សៀមរាប)៖ ក្រោមការណែនាំផ្ទាល់ពីលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម, មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ សហការជាមួយមន្រ្តី នៃនាយកដ្ឋានមន្ទីរពិសោធន៍ និងគណៈកម្មការផ្សារ បានបន្តចុះពិនិត្យ ផ្សព្វផ្សាយ អំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ស្ថិតនៅផ្សារកំពង់ក្តី និងនៅតាមផ្ទះជុំវិញផ្សារកំពង់ក្តី ស្ថិតក្នុងឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប។
ក្នុងប្រតិបត្តិការនេះ មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា បន្ទាប់ពីបានពិនិត្យ ដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួន ដែលកំពុងដាក់តាំងលក់នៅតាមបណ្តាតូប មួយចំនួនរួមមាន៖ អំបិល សរសៃគុយទាវ និងសាច់ក្រក ប្រហុក ស្ករត្នោត សណ្តែកបណ្តុះ ជាលទ្ធផល គឺទទួលបានលទ្ធផលល្អ ដោយអំបិល ជាអំបិលមានអ៊ីយ៉ូតល្អ ពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ ដូចជាSalicylic Acid, Sodium Hydrosulfite និងBorax នៅក្នុងផលិតផលម្ហូបអាហារទាំងនោះឡើយ។
ដោយឡែកចំពោះការពិនិត្យ មើលលើផលិតផលកំប៉ុង ដប និងផលិតផលវិចខ្ចប់រួច ដែលកំពុងដាក់តាំងលក់នៅតាមផ្ទះមួយចំនួននោះ មន្ដ្រីជំនាញពិនិត្យឃើញមានផលិតផលមួយចំនួនច្រែះស៊ុ ប្រែប្រួលខូចគុណភាព ហួសកាលបរិច្ឆេទ ហើយត្រូវបានធ្វើកំណត់ហេតុដកហូត យកមករក្សាទុក ដើម្បីស្នើសុំគោលការណ៍កម្ទេចចោលនៅពេលក្រោយ។
ជាមួយគ្នានោះ មន្រ្តីកាំកុងត្រូល ក៏បានទិញយកគំរូ នៃផលិតផលម្ហូបអាហារ ចំនួន៣៨មុខ ដែលមានដូចជា ស្លឹកគ្រៃហាន់រួច ខ្ញីហាន់រួច ស្ករត្នោត សាច់ជ្រូក ថ្លើមជ្រូក ក្រលៀនជ្រូក សាច់គោ ថ្លើមគោ សាច់មាន់ បន្លែ ផ្លែឈើ ។ល។ បញ្ជូនទៅមន្ទីរពិសោធន៍ ដើម្បីវិភាគរកវត្តមានសារធាតុគីមីហាមឃាត់ជាបន្តទៀត។
ឆ្លៀតឱកាសនោះដែរ ក្រុមការងារ ក៏បានបិទផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ អ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីផលប៉ះពាល់ដល់សុខភាព ដែលបណ្តាលមកពីបរិភោគអាហារ ហួសកាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។
សូមបញ្ជាក់ថា ដោយមានការណែនាំពីលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាននិងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមផ្ទះ តាមទីផ្សារ ពិសេសទំនិញនាំចូល តាមមាត់ច្រកទ្វារព្រំដែន ដើម្បីចូលរួមចំណែកលើការការពារសុវត្ថិភាព ចំណីអាហារដល់ប្រជាពលរដ្ឋ៕