(កំពង់ស្ពឺ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក បានថ្លែងអំពាវនាវដល់ នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ កុំមានគំនិតអន្តរជាតិនិយម ត្រូវមានគំនិតជាតិនិយម ត្រូវប្រើប្រាស់សម្ភាររបស់ជាតិ ដើម្បីជាអត្តសញ្ញាណរបស់កងទ័ព និងជាចក្ខុវិស័យនៅក្នុងកំណែទម្រង់កងទ័ព គឺទាហានតែមួយស្តង់ដាតែមួយ។
ជាការកត់សម្គាល់នៅពេលនេះ សម្រាប់កងកម្លាំងយោធារបស់ជាតិ គឺមានឯកសណ្ឋានរបស់ជាតិត្រូវបានចែកជូនសម្រាប់ ស្លៀកពាក់ តែគេនៅសង្កេតឃើញថា ថ្នាក់ដឹកនាំ និងមន្រ្តីយោធាជាច្រើន បន្តស្លៀកពាក់ឯកសណ្ឋានបរទេសនៅឡើយ ដូចជារបស់អាមេរិក ឥណ្ឌូនេស៊ី និងចិនជាដើម។
មន្រ្តីយោធាជាន់ខ្ពស់មួយរូប ធ្លាប់បានលើកឡើងថា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចង់ឃើញមន្រ្តីយោធារបស់ខ្មែរ ស្លៀកពាក់ឯកសណ្ឋានរបស់ជាតិ ដែលបានផ្តល់ជូន ប៉ុន្តែការចង់បាននេះ មិនទាន់ទទួលបានប្រសិទ្ធភាពពេញលេញនៅឡើយទេ។
នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញជួប សំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន និស្សិតនាយទាហានសកម្ម នៅសាលានាយទាហានសកម្មត្មាតពង ក្នុងខេត្តកំពង់ស្ពឺ។
នៅចំពោះមុខមន្រ្តីយោធាទាំងនោះ លោកឧត្តមសេនីយ៍ផ្កាយ៣រូបនេះ បានសូមផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំក្រសួងការពារជាតិផងដែរ។ លោកបានថ្លែងថា ជីវិតជាកងកម្លាំងប្រដាប់អាវុធ ត្រូវធ្វើការ និងត្រៀមប្រចាំការជាប់ជានិច្ចដើម្បីការពារ និងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋគ្រប់ពេល។ ជាក់ស្តែង នៅក្នុងឱកាសចូលឆ្នាំខ្មែរកន្លងទៅនេះ កងកម្លាំងប្រដាប់អាវុធមិនបានឈប់សម្រាកទេ គឺនៅធ្វើការនិងប្រចាំការជាប់ជានិច្ច ដើម្បីបង្កឱកាសឱ្យប្រជាពលរដ្ឋសប្បាយរីករាយ។
លោកបន្តថា ការផ្គត់ផ្គង់របបផ្សេងៗ របស់រាជរដ្ឋាភិបាលគួបផ្សំ និងការខិតខំច្នៃប្រឌិតរបស់ប្រធានអង្គភាព ដើម្បីការហូបចុក ការស្នាក់នៅ របស់នាយទាហាន នាយទាហានរង និងពលទាហាន គឺដើម្បីធានាប្រសិទ្ធភាពនៃការគ្រប់គ្រង ការហ្វឹកហ្វឺននៅក្នុងវិស័យការពារជាតិប្រកបដោយមោទនភាព។ ការចូលរួមប្រកបដោយទឹកចិត្ត និងឆន្ទៈ របស់យោធាចារ្យ នាយទាហាន ក្នុងការបណ្តុះបណ្តាល សមត្ថភាពជំនាញ សីលធម៌គុណធម៌ដល់នាយទាហានសកម្ម ដែលលបានធ្វើឱ្យមានការកោតសរសើរ និងមិនចាញ់កងទ័ពរបស់អាមេរិកឡើយ។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «យើងមានមោទនភាពនូវអ្វីដោយការខិតខំ ដោយលំបាកព្រោះថា ការលំបាកបានធ្វើឱ្យយើងមានភាពជឿជាក់លើខ្លួនឯង បង្កើតនូវផ្នត់គំនិតនិងទំលាប់ល្អនិងភាពរឹងមាំសម្រាប់ នាយទាហានដែលការខិតខំ និងការចូលរួមរបស់នាយទាហានសកម្ម ដែលបានទទួលស្នាដៃជាច្រើន គឺជាតម្លៃនិងការកោតសរសើរ ពីសំណាក់មហាជនទូទៅដែលធ្វើឱ្យកងទ័ពនៅកៀកនឹងប្រជាជន។ នាយទាហាន គឺជាឆ្អឹងខ្នងរបស់កងទ័ព ពលទាហាន គឺជាអ្នកអនុវត្តដើម្បីធានានូវការដឹកនាំ ការកសាងសមត្ថភាព និងការអនុវត្តការងារប្រចាំថ្ងៃ ប្រកបដោយការទទួលខុសត្រូវ បីដូចជារថក្រោះមួយមិនអាចទៅមុខបានទេ បើគ្មាននាយទាហាន ពលទាហានទៅបញ្ជាប្រកបដោយឆន្ទៈ និងសតិអារម្មណ៍ក្នុងការដឹកនាំនោះទេ»។
លោកបានប្រាប់ទៅ នាយទាហានត្រូវដឹងច្បាស់និងគោរពច្បាប់ បទដ្ឋានទំលាប់របស់កងយោធពលខេមរភូមិន្ទ ដើម្បីត្រៀមបំពេញភារកិច្ចទៅតាមអង្គភាពផ្សេងៗ ឲ្យក្លាយជាស្តង់ដាតែមួយ របស់នាយទាហានសកម្ម ដែលនេះគឺជាភាពខុសគ្នារវាងស្ថាប័នកងទ័ព និងស្ថាប័នស៊ីវិល។
មេបញ្ជាការរងកងទ័ពជើងគោករូបនេះ បានបន្តថា ពេលបញ្ចប់ការសិក្សានៅសាលា ត្រូវបង្កើននូវអំពើល្អនិងផ្សព្វផ្សាយអំពើល្អ ឱ្យគេស្គាល់នូវតម្លៃនិងសមត្ថភាពរបស់កងទ័ពដើម្បីបម្រើជាតិនិងប្រជាជន។ នាយទាហានត្រូវទទួលខុសត្រូវលើខ្លួនឯង ប្រឹងប្រែងដោះស្រាយឱ្យអស់លទ្ធភាព មានគំនិតច្នៃប្រឌិត មិនត្រូវគិតតែចំណុចអវិជ្ជមាន មានភាពក្លាហាន ត្រូវមានអត្តចរិតល្អ មានគុណធម៌ សីលធម៌ ក្នុងបំពេញតួនាទីភារកិច្ច៕