(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នាទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស តំណាងភ្នាក់ងារលក់វត្ថុបុរាណ «Johnathan Tucker Antonia Tozer Asian Art» បានស្ម័គ្រចិត្តប្រគល់នូវឈុតគ្រឿង អលង្ការមាសសម្រាប់លម្អរូបចម្លាក់ថ្ម ដែលមានអាយុកាលក្នុងសម័យអង្គរ ជូនមករាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាវិញ តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំចក្រភពអង់គ្លេស ដោយមានការចូលរួម ពីសំណាក់លោកជំទាវឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំចក្រភពអង់គ្លេស និងមន្ត្រីជំនាញ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
វត្ថុបុរាណនេះ ជាកម្មសិទ្ធិតែមួយគត់របស់កម្ពុជា តាមរយៈក្បូរក្បាច់រចនា ដែលមានតែក្នុងរចនាបថសិល្បៈខ្មែរមួយគត់ ហើយដែលត្រូវបានយកចេញ ដោយខុសច្បាប់ពីប្រទេសកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា សូមសម្ដែងការកោតសរសើរ ដល់រាជរដ្ឋាភិបាលនៃចក្រភណអង់គ្លេស ដែលបានខ្នះខ្នែងជាមួយនឹង រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាមទាមវត្ថុបុរាណនេះ មកកម្ពុជាវិញ និងសូមថ្លែងអំណរគុណ ដល់ភ្នាក់ងារលក់វត្ថុបុរាណ «Johnathan Tucker Antonia Tozer Asian Art» ដែលមាន សុឆន្ទៈ និងសហការបានយ៉ាងល្អប្រសើរជាមួយ អាជ្ញាធរ ក្នុងការសម្របសម្រួល ប្រគល់វត្ថុបុរាណនេះ ជូនមករាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាវិញ។
សូមអានសេចក្ដីប្រកាសទាំងស្រុង របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈខាងក្រោមនេះ៖