(ត្បូងឃ្មុំ)៖ បុរសវិកលចរិតម្នាក់ រស់នៅឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលបានស្លៀកពាក់ឯកសណ្ឋាននគរបាល ដើរសុំទានតាមទីសាធារណៈនោះ ត្រូវបានថ្នាក់ដឹកនាំ និងកម្លាំងនគរបាលខេត្តត្បូងឃ្មុំ ចូលទៅលួងលោមសុំសម្លៀកបំពាក់នគរបាលនោះមកវិញ និងបានឲ្យសម្លៀកបំពាក់ធម្មតាចំនួន៣សម្រាប់ និងថវិកាចំនួន១០ម៉ឺនរៀល ជាថ្នូរជូនទៅគាត់វិញដែរ។
តែរឿងដែលគួរឲ្យអស់សំណើចនោះ គឺនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ បុរសវិកលចរិតខាងលើ បានទាមទារយកសម្លៀកបំពាក់នគរបាលរបស់ខ្លួន ពីមុននោះមកវិញ ហើយបានត្អូញត្អែរថា «លុយប៉ុណ្ណឹង តើទិញអីបាន?»
ស្នងការនគរបាលខេត្តត្បូងឃ្មូំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានបញ្ជាក់ថា បុរសវិកលចរិតខាងលើមានឈ្មោះ ហែន ហិះ ហៅទ្រី ដែលអ្នកស្រុកដឹងថា គាត់ជាជនមានសតិមិនសូវគ្រប់ (វិកលចរិត) ហើយកន្លងមក គាត់ធ្លាប់បានស្លៀកពាក់ឯកសណ្ឋាននគរបាលអង្គុយសុំទាន កាលពីពេលចូលឆ្នាំខ្មែរកន្លងទៅ ហើយសម្លៀកបំពាក់នគរបាលនោះ គឺជារបស់មន្រ្តីនគរបាលម្នាក់ ដែលបានធ្វើមរណកាល៥ឆ្នាំហើយ ព្រោះពេលនោះគាត់បានទៅជួយបុណ្យសព គ្រួសារសពក៏ឲ្យសម្លៀកបំពាក់នោះទៅគាត់តែម្ដង។
ប៉ុន្តែនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ម្សិលមិញ គាត់បានស្ម័គ្រចិត្តប្រគល់សម្លៀកបំពាក់នគរបាលនោះ មកថ្នាក់ដឹកនាំ និងកម្លាំងនគរបាលមកវិញ ហើយព្រឹកថ្ងៃនេះដែរ លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ស្នងការរងនគរបាលខេត្តត្បូងឃ្មុំ លោកវរសេនីយ៍ទោ អោម មុនីវណ្ណ អធិការនគរបាលស្រុកពញាក្រែក និងនាយប៉ុស្តិ៍រដ្ឋបាលកោងកាង និងប៉ុស្ដិ៍រដ្ឋបាលដូនតី បាននាំយកសម្លៀកបំពាក់ធម្មតា ចំនួន៣បម្លាស់ ក្រមា១ ស្បែកជើង១គូ ថវិកា១០ម៉ឺនរៀល ជូនដល់គាត់ និងឱពុកម្តាយរបស់គាត់ ដើម្បីរក្សាទុកប្រើប្រាស់តាមតម្រូវការ។
លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ថា «យើងបានប្រគល់សម្លៀកបំពាក់ថ្មីជូនគាត់ ពិសេសលោកឪពុក អ្នកម្តាយគាត់ ដើម្បីរក្សាទុក និងប្រើប្រាស់តាមតម្រូវការ ... នេះគឺជាកាយវិការដ៏ប្រពៃ ប្រកបដោយគុណធម៌ របស់មន្រ្តីមូលដ្ឋានខេត្តត្បូងឃ្មុំយើងខ្ញុំ...ក្រោមការដឹកនាំរបស់ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលកន្លងទៅលោកតែងតែចង្អុលណែនាំដល់មន្រ្តីថ្នាក់ក្រោមឲ្យម៉ឺងម៉ាត់ក្នុងការងារ និងទន់ភ្លន់ ចំពោះប្រជាពលរដ្ឋទូទៅ»។
ខណៈប្រគល់សម្ភារៈ និងថវិកាខាងលើ បុរសវិកលចរិតរូបនេះ បែរជាទាមទារយកខោអាវនគរបាលនោះវិញ ហើយបាននិយាយថា «លុយតែ១០ម៉ឺនរៀលប៉ុណ្ណឹង តើទិញអីបាន»៕