(កូរ៉េខាងត្បូង)៖ នៅពេលដ៏ខ្លីខាងមុខនេះ បងប្អូនពលករខ្មែរបម្រើការងារ នៅលើកោះជេជូ ប្រទេសកូរ៉េខាងត្បូង នឹងទទួលបានមជ្ឈមណ្ឌល គាំពារពលករបរទេស ដូចបណ្ដាពលករ នៅតំបន់ផ្សេងៗទៀត។ នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់បងប្អូនពលករខ្មែរ ដែលបម្រើការងារនៅលើកោះមួយនេះ។
ការសម្រេចបែបនេះ បានធ្វើឡើងក្រោយពី លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ជាមួយនឹងបណ្ដាអង្គទូតទាំង១៦ នៃប្រទេសដែលបញ្ជូនពលករ មកបម្រើការងារ នៅសាធារណរដ្ឋកូរ៉េ បានជួបប្រជុំពិភាក្សាជាមួយ ប្រធានអង្គភាពអភិវឌ្ឍនធនធានមនុស្ស និងអភិបាលខេត្តជេជូ ក្នុងកិច្ចប្រជុំ «EPS Conference in JeJu 2017» នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧។
មន្រ្តីស្ថានទូតខ្មែរនៅកូរ៉េខាងត្បូង បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះថា «ឆ្លើយតបនឹងសំណូមពររបស់ភាគីកម្ពុជា នៅក្នុងកិច្ចកប្រជុំនោះ អភិបាលខេត្តសម្រេចបង្កើតមជ្ឈមណ្ឌលគាំពារពលករបរទេស ប្រចាំខេត្តជេជូ ក្នុងរយៈពេលដ៏ខ្លី ខាងមុខ ចំពោះថ្នាក់ដឹកនាំ អង្គភាពអភិវឌ្ឍនធនធានមនុស្ស នឹងនាំយកសំណូមពរទាំងអស់ ទៅប្រជុំពិភាក្សា បន្ដដើម្បីស្វែងរកដំណោះស្រាយរួមជូន ពលករបរទេសទាំងអស់»។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំរវាងភាគីកម្ពុជា និងភាគីកូរ៉េ បានពិភាក្សាពីបញ្ហាប្រឈម ដែលកង្វល់របស់ពលករបរទេសទាំងអស់ ដើម្បីឈានទៅរកពង្រឹងយន្ដការគ្រប់គ្រង ពលករឲ្យកាន់តែប្រសើរឡើង ជាមួយនឹងការចែករំលែកបទពិសោធន៍ នៃការគ្រប់គ្រងពលកររបស់ប្រទេសនិមួយៗ។
សម្រាប់កម្ពុជា បានលើកឡើងនូវសំណូមពរ៥ចំណុចសំខាន់ៗ ដល់ប្រធានអង្គភាពអភិវឌ្ឍនធនធានមនុស្ស និងអភិបាលខេត្តជេជូរួមមាន៖
១-ស្នើសុំឲ្យបង្កើតមជ្ឈមណ្ឌលគាំពារពលករបរទេស ប្រចាំខេត្តជេជូ ដោយសារមជ្ឈមណ្ឌលនេះ មានសារសំខាន់ណាស់សម្រាប់ជួយគាំពារសិទ្ធិពលករ
២-ស្នើសុំ និងលើកទឹកចិត្តដល់នយោជកឲ្យគោរពតាមកិច្ចសន្យាការងារជាមួយនឹងពលករ
៣-ស្នើសុំផ្ដល់កូតាដល់ពលករកម្ពុជា ដើម្បីមកបម្រើការលើវិស័យសេវាកម្មនៅសាធារណរដ្ឋកូរ៉េ
៤-ស្នើសុំបង្កើតផ្ទះស្នាក់នៅបណ្ដោះអាសន្ន សម្រាប់ពលករ ក្នុងអំឡុងពេលដែលផ្លាស់ប្ដូរការងារអត់កន្លែងស្នាក់នៅ
៥-ស្នើសុំពង្រឹងអធិការកិច្ចនៅតាមរោងចក្រ សហគ្រាស និងកសិដ្ឋាន៕