Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកខេត្តកណ្តាល រិះគន់សំណង់ច្រាំងស្ទឹងត្នោតក្រុងតាខ្មៅ គ្មានគុណភាព សង់អស់ជាង២០ម៉ឺនដុល្លារ នៅពេលនេះ​បាក់ស្រុត​អស់ហើយ, អភិបាលខេត្តថា បង្កើតក្រុមការងារត្រៀមជួសជុលឡើងវិញ

21-04-2017 15:46

(កណ្តាល)៖ សំណង់ច្រាំងមាត់ស្ទឹងព្រែកត្នោត ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលអាជ្ញាធរចំណាយប្រាក់ជាង២០ម៉ឺនដុល្លារ លើការស្ថាបនានោះ ស្រាប់តែនៅពេលនេះបានបាក់ស្រុត និងប្រេះស្រាំអស់ហើយ ដែលនាំឲ្យពួកគាត់រិះគន់យ៉ាងខ្លាំងថា ការស្ថាបនាគ្មានគុណភាពនោះឡើយ។

សូមបញ្ជាក់ថា បើតាមអាជ្ញាធរមូលដ្ឋាន ច្រាំងមាត់ស្ទឹងព្រែកត្នោតក្រុងតាខ្មៅ ត្រូវបានសាងសង់ឡើង ដើម្បីសម្រួល ចរន្តទឹកហូរ និងលំអរមាត់ស្ទឹងក្រុងតាខ្មៅ ប៉ុន្តែក្រោយពីសំណង់នេះស្ថាបនា បានមិនដល់១ឆ្នាំផងនោះ ក្រោយទឹកសម្រកទៅវិញ សំណង់់ច្រាំងស្ទឹង បានវិលត្រឡប់ទៅវិញជាមួយទឹកស្រកផងដែរ ធ្វើឲ្យប្រជាពលរដ្ឋ មកកំសាន្តនៅមាត់ស្ទឹងនេះ រិះគន់យ៉ាងខ្លាំងថា លួចកេងបច្ចេកទេស បាត់គុណភាព អាជ្ញាធរមិនយកចិត្តទុកដាក់ ត្រួតពិនិត្យ ជាងធ្វើឲ្យខាត់បង់ថវិការដ្ឋជាច្រើន។

ពាក់ព័ន្ធនឹងការរិះគន់របស់មហាជន ជុំវិញករណីបាក់ស្រុតសំណង់ជើងទេមាត់ស្ទឹងព្រែកត្នោតនៅក្រុងតាខ្មៅខាងលើនេះ លោក ម៉ៅ ភិរុណ អភិបាល ខេត្តកណ្តាល បានប្រាប់ភ្នាក់ងារ Fresh News ថា បញ្ហារិះគន់ និងការសន្និដ្ឋានរបស់ ប្រជាពលរដ្ឋនោះ គឺជាមតិយោបល់ ដើម្បីជាប្រយោជន៍សង្គមយើងទាំងអស់គ្នា ប៉ុន្តែគ្រាន់តែការរិះគន់ និងសន្និដ្ឋាននោះ មិនមានមូលដ្ឋានច្បាស់លាស់ប៉ុណ្ណោះ។

លោកថា «មូលហេតុនៃការបាក់ស្រុតសំណង់ជើងទេមាត់ស្ទឹងព្រែកត្នោតនេះ ខេត្តក៏បានប្រជុំពិភាក្សារួចហើយ និងបានបង្កើតគណៈកម្មការមួយដើម្បីត្រួ តពិនិត្យការសាងសង់ឡើងវិញ ចំពោះការបាក់ស្រុតជើងទេមាត់ស្ទឹង ខាងជើងប្រហែល៥០-៦០ម៉ែត្រនោះ ផ្នែកខាងលិចស្ពានមិត្តភាព កម្ពុជា ជប៉ុន ហើយសំណង់ជើងទេ ចាប់ពីស្ពានមិត្តភាពជប៉ុនមកលិច គឺផុតគម្រោងហើយ ការសាងសង់គឺបានធ្វើឡើងតាំង ពីសម័យឯកឧត្តម ឈុន ស៊ីរុន នៅជាអភិបាលខេត្តមុនមកម្ល៉េះ»

ចំណែកសំណង់ជើងទេមាត់ស្ទឹងខាងកើត ស្ពានមិត្តភាពជប៉ុន ចាប់ពីស្ពានទៅដល់មាត់ទន្លេបាសាក់ គឺជាគម្រោងថ្មី ហើយមិនទាន់ផុតអាណត្តិនៃគម្រោងនៅឡើយ ដូច្នេះក្រុមហ៊ុន ត្រូវទទួលខុសត្រូវកសាងសង់ឡើងវិញ។ ចំណែកការ បាក់ស្រុត គឺបណ្តាលមកពីបម្រែបម្រួលធម្មជាតិ ដោយសារឆ្នាំនេះមានភ្លៀងធ្លាក់ជាច្រើនមេជាប់ៗគ្នា បណ្តាលឱ្យកើតមាន ជំនន់ទឹកភ្លៀង ដែលបង្កឱ្យទឹកហូរបុកខ្លាំងនៅបាតស្ទឹង ធ្វើឱ្យទឹកស្ទឹងមានជម្រៅជ្រៅ ទើបបណ្តាលឱ្យ មានករណី បាក់ស្រុតតែម្តង។ នេះជាការបញ្ជាក់បន្ថែមពីអភិបាលខេត្តកណ្តាល។

លោកបានបញ្ជាក់ថា «បើយើងពិនិត្យជាក់ស្តែង បាតស្ទឹងនៅផ្នែកខាងលិចស្ពាន មានដុះដីខ្សាច់ផ្នែកម្ខាងនៃច្រាំងខាងត្បូង ជាហេតុបណ្តាលឱ្យទឹកហូរបុកមកខាងជើងនៃបាតស្ទឹងជាដើម»

រីឯលោក លឹម ចាន់សុភី ប្រធានមន្ទីរដែនដីនគររូបនីយន៍កម្ម និងសំណង់ ក៏បានប្រាប់ស្រដៀងគ្នាដែរថា មូលហេតុ នៃការបាក់ស្រុតនេះ គឺបណ្តាលមកពីចរន្តទឹកប្រែប្រួល ទឹកហូរបុកខ្លាំង និងបណ្តាលមកពីកត្តាអាកាសធាតុ មានភ្លៀងធ្លាក់ជាប់គ្នាខ្លាំង ពុំមែនមកពីខ្វះគុណភាពដូចជា ការលើកឡើងនោះទេ។ លោកក៏បានចុះទៅត្រួតពិនិត្យ និងរាយការណ៍ជូនអភិបាលខេត្ត ហើយខេត្តក៏បានបង្កើតគណៈកម្មការ ដើម្បីត្រួតពិនិត្យហើយដែរ៕