(បន្ទាយមានជ័យ)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយពីចូលឆ្នាំខ្មែររួច ពលរករខ្មែរប្រុសស្រី បានសម្រុកចេញទៅប្រទេសថៃ ជាច្រើនពាន់នាក់ក្នុងមួយថ្ងៃៗ ដើម្បីទៅធ្វើការនៅគោលដៅរៀងៗខ្លួន ដោយពួកគេចេញទៅតាមច្រករបៀងខុសច្បាប់ គឺមានសភាពយ៉ាងគគ្រឹកគគ្រេង។
សម្រាប់ពលករខ្មែរ មួយចំនួនធំ បានលួចទៅធ្វើការដោយខុសច្បាប់ តាមរយៈមេខ្យល់ញុះញង់ ដែលមានការសហការជាមួយសមត្ថកិច្ចមួយចំនួន នៅតាមព្រំដែន ដែលសមត្ថកិច្ចទាំងនោះបានលួចបើកច្រករបៀងដោយខុសច្បាប់ ដើម្បីប្រមូលលុយចូលហោរបៅរបស់ខ្លួន ដោយពុំគិតពីច្បាប់ទំលាប់ ដែលមានផលប៉ះពាល់ដល់បងប្អូនពលករទ្បើយ។ មន្រ្តីទាំងនោះ បានឲ្យមេខ្យល់ជាអ្នកដើរប្រមូលលុយពីពលករទាំងអស់ឲ្យទៅគេ។ នេះបើតាមប្រភពព័ត៌មានមួយចំនួន ដែលអង្គភាព Fresh News ទទួលបាននៅប៉ុន្មានថ្ងៃនេះ។
ពលករដែលបានចេញទៅធ្វើការ ដោយខុសច្បាប់ បានបញ្ជាក់ថា ពួកគាត់ចេញទៅធ្វើនៅប្រទសថៃតាមច្រករបៀងនេះ គឺគាត់បានបង់លុយទៅឲ្យមេខ្យល់ជាអ្នករត់ការ ក្នុងម្នាក់ត្រូវបង់អស់ប្រាក់ចំនួន ២,០០០បាត ទៅ៣,០០០បាតផងដែរ ដើម្បីធ្វើការឆ្លងទៅធ្វើការនៅថៃ។
ការលួចបើច្រករបៀងជាច្រើនកន្លែង ដូចជា៖ នៅតំបន់ទំនប់ដាច់ ស្ថិតក្រោមគ្រប់គ្រងពីវរៈការពារព្រំដែនលេខ៥០៣ ចំណុះឲ្យយោធភូមិភាគ៥ ដែលស្ថិតនៅ ភូមិជោគជ័យ ហៅ(ណងចាន់) នៅឃុំអូបី ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបានលួចឃុបឃិត ជាមួយមេខ្យល់លួចបើកច្រករបៀង ដើម្បីប្រមូលលុយពីពលករក្នុងមួយថ្ងៃៗ រាប់រយអ្នក។ មិនតែប៉ុណ្ណោះមានច្រករបៀង ជាច្រើនទៀតដែលបានលួចបើកច្រកដោយខុសច្បាប់ ដូចជានៅច្រកអរប៉(93) ដែលគ្រប់គ្រង់ដោយ ឈ្មោះ ម៉ាប់ ជាមន្ដ្រីនគបាលវរៈការពារព្រំដែនគោក៨១៥ និងនៅច្រករបៀងបឹងប៉េង នៅស្រុកម៉ាទ្បៃផងដែរ។
ដោយឡែក គេសង្កេតឃើញ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់ និងនគរបាលការពារព្រំដែនគោកលេខ៩១១ ប៉ុស្តិ៍នគរបាលអូរបីជាន់ រួមគ្នាធ្វើការទប់ស្កាត់ និងធ្វើការណែនាំ ពលករប្រុសស្រីជាង១០០នាក់ នៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវជាតិលេខ៥៨ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ក្នុងនោះសមត្ថកិច្ច បានពន្យល់ណែនាំឲ្យវិលត្រឡប់ទៅស្រុកកំណើតវិញ និងឲ្យតៃកុងរថយន្តផ្តិតមេដៃ ធ្វើកិច្ចសន្យា មិនឲ្យខុបឃិតជាមួយមេខ្យល់ ដឹកពលករឆ្លងដែនដោយខុសច្បាប់ និងមិនត្រូវដឹកជញ្ជូនមនុស្សចេញឆ្លងដែន ឬការរត់ពន្ធមនុស្សខុសច្បាប់ឡើយ បើមានលើកក្រោយ នឹងចាប់បញ្ជូនទៅតុលាការដោះស្រាយតាមនីតិវិធីជាមិនខាន៕