(ភ្នំពេញ)៖ ដោយមានការណែនាំពីលោក ពេញ ធារម្យ ប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ មន្ត្រីសាខាផែស្ងួតចុងទីភ្នំពេញ សហការជាមួយជាមន្រ្តីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងអាជ្ញាធរដែនដី បានចុះត្រូតពិនិត្យទំនិញម្ហូបអាហារនៅផ្សារទួលស្វាយព្រៃ និងបណ្តាហាងស្តាម៉ាត ស្ថិតក្នុងខណ្ឌចំការមន។
ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង ដើម្បីស្វែងរកនូវសារធាតុគីមីហាមឃាត់ ដែលអាជីវករមួយចំនួនតូចបានប្រើប្រាស់ ដែលជាកង្វល់របស់ប្រជាពលរដ្ឋ ចំពោះសុវត្ថិភាពម្ហូបអាហារ ក្នុងនោះដែរមន្ដ្រីជំនាញបានដកយកគំរូ ទំនិញមួយចំនួនបញ្ជូនមកមន្ទីរពិសោធន៍ នៅអគ្គនាយកកាំកុងត្រូល។
ជាមួយគ្នានោះ មន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានធ្វើការណែនាំក្រុមអាជីវករ ដាក់តាំងលក់ផលិតផលអោយត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាង គ្រឿងប្រើប្រាស់ដែលមានផ្ទុកសារធាតុពុល និងម្ហូបអាហារ ហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផល ហួសកាលបរិច្ឆេទជាដើម។
មន្ត្រីដដែលបញ្ជាក់ថា ក្នុងប្រតិបត្តិការចុះពិនិត្យទំនិញនេះ មិនមានការដកហូតទំនិញអ្វីឡើយ ដោយសារការធ្វើពិនិត្យទៅលើ បង្គាស្រល់ មឹក ត្រីងៀត បន្លែ គុយទាវក្រៀម មីស្រល់ និងត្រីសាច់ផ្សេងៗ គ្មានការផ្ទុកនៅសារធាតុគីមី។
បន្ថែមពីនេះ មន្ត្រីកាំកុងត្រូល បានអំពាវដល់ក្រុមអាជីវករទាំងអស់ ដែលលក់គ្រឿងបរិភោគស្រល់ៗ និងក្រៀម មេត្តាជួយពិនិត្យនៅគុណភាព ឲ្យបានច្បាស់ចាំទិញយកមកលក់បន្ត ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ ដើម្បីជៀសវាពីបញ្ហាប៉ះពាល់ដល់សុខភាព ដោយសារមានជាតិគីមីនៅក្នុងទំនិញ៕