(ភ្នំពេញ)៖ អគារដ៏ស្កឹមស្កៃប្រណីតប្លែកគេ បន្ថែមមួយទៀត ស្របតាមស្ដង់ដារអន្តរជាតិ នឹងបង្ហាញខ្លួនកណ្ដាលរាជធានីភ្នំពេញ ក្នុងរយៈពេលតែបីឆ្នាំ ខាងមុខទៀតប៉ុណ្ណោះ។ ក្រុមហ៊ុនខ្មែរ Parkway Investment Co., Ltd និងក្រុមហ៊ុនចិន Nantong City Daxin Engineering (Cambodia) Co., Ltd បានសហការគ្នា ដើម្បីបង្កើតស្ថាបត្យកម្មខ្មែរ ដែលលាយចម្រុះគ្នា ជាមួយខុនដូរមានលក្ខណៈទំនើប លើកដំបូងបង្អស់ និងមានទីតាំងនៅខណ្ឌទួលគោក ដែលមាន១៥០០យូនីត ហើយនឹងមានកម្ពស់ ៣៥ជាន់។ ការប្រកាសឲ្យដឹងនេះ ត្រូវបានធ្វើឡើង ក្នុងសន្និសីទសារព័ត៌មានមួយ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ នៃក្រុមហ៊ុនពាក់ព័ន្ធទាំងអស់។
លោក សួ សុខថេង នាយកប្រតិបត្តិក្រុមហ៊ុន «Parkway Investment» បានថ្លែងថា ផ្អែកលើបទពិសោធន៍ច្រើនជាង ២០ ឆ្នាំកន្លងមកនេះ ទាំងផ្នែកអចលនទ្រព្យ និងសំណង់នៅប្រទេសកម្ពុជា ជាពិសេសផ្នែកលំនៅដ្ឋាន ក្រុមហ៊ុនបានទទួលគម្រោងធំៗជាច្រើន រួមមានគម្រោង Parkway Square និង Borey Rith។ បច្ចុប្បន្ននេះ ក្រុមហ៊ុនបានសម្រេចចិត្តចាប់ផ្ដើម ចូលរួមដាក់ទុនរួមជាមួយក្រុមហ៊ុនចិនមួយ ដើម្បីសាងសង់គម្រោងខុនដូរ ដែលមានលក្ខណៈប្លែកគេ របស់កម្ពុជា ដែលសាងសង់ នៅតាមបណ្ដោយផ្លូវ ២៧៣ ខណ្ឌទួលគោក។ ខណ្ឌទួលគោកកំពុង តែមានការវិវឌ្ឍន៍ជឿនលឿនខ្លាំងមួយ នៅក្នុងចំណោមតំបន់សំខាន់ៗ នៃរាជធានីភ្នំពេញ ដែលមានភាពងាយស្រួល ក្នុងការធ្វើដំណើរទៅព្រលានយន្ដហោះ និង CBD។
លោក សុខថេង បានបន្តទៀតថា «នឹងមានការសាងសង់អគារចំនួនបី។ អគារទី១មាន២៩ ជាន់ អគារទីពីរមាន ២៥ ជាន់ និងអគារទីបីមាន ៣៥ ជាន់។ សរុបមក អគារទាំងមូល នឹងមានខុនដូរទំនើបៗចំនួន ១៥០០យូនីត ដែលមានទំហំចាប់ពី ៤៥ម៉ែត្រការ៉េ ដល់ ១៣៥ម៉ែត្រការ៉េ»។
លោកបានបន្ថែមថា «ការវិនិយោគរបស់យើង ចំពោះខុនដូរទាំងនេះ មិនមែនជាការវិនិយោគរយៈពេលខ្លីឡើយ ប៉ុន្ដែនេះជាការវិនិយោគ រយៈពេលវែង។ យើងមានគម្រោងផ្ដោតទៅលើ អ្នកដែលមានជីវភាពកំរិតមធ្យម ដែលកំពុងមានការកើនឡើង ហើយប្រាក់ចំណូលរបស់ពួកគេ ក៏មានការកើនឡើងផងដែរ ដែលធ្វើឲ្យជីវភាពរស់នៅ របស់ពួកគេមានភាពប្រសើរ ឡើងច្រើន។ យើងជឿជាក់ថា ការកើនឡើងចំនួនប្រជាជន នៅរាជធានីភ្នំពេញ នឹងជ្រើសរើសការរស់នៅ ជិតកណ្ដាលទីក្រុង ដែលទាំងនេះអាចធ្វើឲ្យកាត់បន្ថយ ពេលវេលាក្នុងការកកស្ទះចរាចរណ៍ ពេលធ្វើដំណើរទៅ និងមកពីធ្វើការងាររបស់ខ្លួន។ ហើយវាក៏អាចជួយកាត់បន្ថយ កត្តាគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវដែលមានការមមាញឹកខ្លាំង នៅទីក្នុងទីក្រុងផងដែរ»។
បច្ចប្បន្ននេះ ប្រទេសកម្ពុជាបានផ្លាស់ប្ដូរស្ថានភាពរបស់ខ្លួន ពីប្រទេសដែលមានប្រាក់ចំណូលទាប ទៅជាប្រទសដែលមានប្រាក់ចំណូល ទាបកម្រិតមធ្យម ហើយរំពឹងថា នឹងក្លាយជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០។ ប្រាក់ចំណូលជាមធ្យម សម្រាប់មនុស្សម្នាក់ចំនួន ១,២០០ ដុលា្លរអាមេរិក នៅក្នុងឆ្នាំ ២០១៥ និងបានកើនទៅដល់ ១,៣០៧ ដុល្លារអាមេរិក កាលពីឆ្នាំ២០១៦។
ផ្អែកលើជំនាញ ពីដៃគូរវិស្វករចិន ដែលមានបទពិសោធន៍ ក្នុងវិស័យសាងសង់ ស្ទើរតែគ្រប់តំបន់ក្នុងប្រទេសចិន លោក សុខថេង លើកឡើងថា លោកមានបំណង ហើយនឹងប្រឹងប្រែង បង្កើតអគារដ៏ប្រណីតជាងគេនេះ ប្រកបដោយផាសុខភាព សម្រាប់ការរស់នៅរបស់ប្រជាជនកម្ពុជា។
លោក សុខថេង បានគូសបញ្ជាក់ថា «ចាប់ពីជាន់ទីមួយ និងជាន់បន្ទាប់ យើងបង្កើតជាកន្លែងសាធារណៈ ដើម្បីឲ្យអ្នករស់នៅទីនេះ អាចទទួលបានអត្ថប្រយោជន៍ពេញលេញ ចំពោះពេលទំនេររបស់ពួកគេ និងសម្រាកនៅទីកន្លែង ដែលពេញទៅដោយពណ៌បៃតង។ ការបង្កើតខុនដូរ នឹងបង្ហាញពីកន្លែងអស្ចារ្យនៅក្នុងសតវត្សទី ២១ រួមមានអាងហែលទឹក ធំទូលាយ និងកន្លែងហាត់ប្រាណ។ នៅជាន់ផ្ទាល់ដី មានផ្សារទំនើបជាមួយកន្លែងទទួលទានអាហារ កំសាន្ដ និងកន្លែងសម្រាប់ ហាងលក់ទំនិញ។ ព្រមទាំងមានសាលារៀន សម្រាប់កូនៗរបស់អតិថិជន ដែលស្នាក់នៅក្នុងខុនដូររបស់យើង អាចប្រើប្រាស់បានផងដែរ!»។
លោកបន្ថែមថា «លើសពីនេះទៀត ដោយសារតែយើង ស្ថិតនៅចំទីតាំងនៃតំបន់ ដែលប្រជាពលរដ្ឋភាពច្រើនចង់បាន មានភាពងាយស្រួលក្នុងការធ្វើដំណើរទៅ CBD យើងមានគោលបំណង ទាក់ទាញអតិថិជនគ្រប់ជាតិសាសន៍ ព្រមទាំងជាលំនៅដ្ឋាន ដែលទាក់ទាញសម្រាប់ប្រជាជនកម្ពុជា ដែលកំពុងរស់នៅ និងធ្វើការនៅបរទេស»។
សូមបញ្ជាក់ថា ពិធីសម្ភោធដាក់ដំណើរការសាងសង់ សម្រាប់ការសាងសង់ខុនដូរនេះ បានប្រព្រឹត្តិទៅកាលពីថ្ងៃទី២១ ខែវិច្ឆិការ ២០១៦ កន្លងមក ដោយឈានទៅការដល់ការបញ្ចប់ ការសាងសង់នៅឆ្នាំ ២០២០ខាងមុខ។ យោងតាមរបាយការណ៍ផ្លូវការ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ការវិនិយោគ ក្នុងវិស័យសំណង់នៅកម្ពុជា ឆ្នាំមុនមានទឹកប្រាក់ប្រហែល ៨ពាន់លានដុល្លារអាមេរិក។ ភាគច្រើននៃសំណង់ទាំងនោះ ជាអគារពាណិជ្ជកម្មធំៗ អគារការិយាល័យ ផ្សារទំនើប រោងចក្រ និងខុនដូរ ជាដើម៕