(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសឲ្យដឹងថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ស្អែកនេះ កំណាត់ផ្លូវមួយចំនួននៅក្នុងរាជធានីភ្នំពេញ នឹងត្រូវបិទមួយរយៈពេលខ្លី ដើម្បីប្រារព្ធព្រឹត្តិការណ៍រត់ «BATON-RUN»។
យោងតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ បានឲ្យដឹងថាព្រឹត្តិការណ៍រត់ «BATON-RUN» នឹងធ្វើការជួបជុំនៅមុខស្ថានទូតម៉ាឡេស៊ី បន្ទាប់មករត់ឆ្ពោះទៅមហាវិថីព្រះនរោត្តម ផ្លូវសុធារស ឆ្ពោះទៅរង្វង់មូលសម្តេចព្រះសង្ឃរាជជូណាត វិថីព្រះស៊ីសុវត្ថិ ផ្លូវលេខ១៥៤ មហាវិថីព្រះនរោត្តម ផ្លូវលេខ២១៤ ផ្លូវលេខ១៦១ ផ្លូវលេខ១៨២ និងផ្លូវលេខ២១៧ រួចបន្តទៅពហុកីឡដ្ឋានជាំតិអូឡាំពិក តាមផ្លូវព្រះមុនីរ៉េត។
បើតាមសាលារាជធានីភ្នំពេញ កំណាត់ផ្លូវដែលត្រូវរត់ឆ្លងកាត់នេះ នឹងត្រូវផ្អាកការធ្វើចរាចរណ៍ចាប់ពីម៉ោង ៦៖៣០នាទីព្រឹក ដល់ម៉ោង ៩៖៣០នាទី ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ជាពិសេសដើម្បីឲ្យព្រឹត្តិការណ៍ «BATON-RUN» ដំណើរការបានដោយជោគជ័យ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍រត់ «BATON-RUN» ធ្វើឡើងដើម្បីអបអរសាទរការប្រកួតកីឡាស៊ីហ្គេមលើកទី២៩ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី។ ព្រឹត្តិការណ៍នៅថ្ងៃស្អែកនេះ នឹងមានកីឡាករចូលរួមរហូតដល់ ៦០០នាក់ ដោយមានការឧបត្ថម្ភថវិកាពីប្រទេសម៉ាឡេស៊ីប្រមាណ ១០,០០០ដុល្លារអាមេរិក។
ព្រឹត្តិការណ៍នេះអនុរដ្ឋមន្ត្រីក្រសួងកីឡាម៉ាឡេស៊ី និងលោកហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡា ក៏នឹងកាន់ភ្លើងគុបសិប្បនិម្មិតចូលរួមរត់ក្នុងព្រឹត្តិការណ៍នេះដែរ។
លោក Norjufri Nizar Edrus តំណាងស្ថានទូតម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជាបានពន្យល់ថា BATON គឺជាដំបងភ្លើងសិប្បនិម្មត ដែលគេកាន់ដើម្បីរត់។ ដំបងនេះនឹងត្រូវប្រគល់បន្តដល់តំណាងស្ថានទូតនៃប្រទេសឥណ្ឌូនេស៊ី ដែលគេនឹងរៀបចំព្រឹត្តិការណ៍ BATON-RUN នេះនៅថ្ងៃទី៣០ ខែមេសា បន្ទាប់ពីកម្ពុជា ។ការរត់នេះមានចម្ងាយ ៩ គីឡូម៉ែត្រ៕