(ភ្នំពេញ)៖ សម្រាប់ត្រីមាសទី១ ឆ្នាំ២០១៧នេះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធររាជធានីភ្នំពេញ បានចេញបង្ក្រាបករណីគ្រឿងញៀនបាន ជាង៧០០ករណី និងឃាត់ខ្លួនជនសង្ស័យបាន ជិត២ពាន់នាក់ និងដោះស្រាយការងារបានជាច្រើនទៀត នេះបើតាមលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោកអភិបាលរង ឃួង ស្រេង បានលើកឡើងថា «សម្រាប់ត្រីមាសទី១ ឆ្នាំ២០១៧នេះ អាជ្ញាធររាជធានីភ្នំពេញ បានបង្ក្រាបលើករណីគ្រឿងញៀនបាន ចំនួន៧៥៦ករណី និងបានឃាត់ខ្លួនជនសង្ស័យបាន ១,៨៥៤នាក់ (ស្រី២៤៤នាក់) ក្នុងនោះ មានជនជាតិខ្មែរចំនួន ១,៧៩៩នាក់ (ស្រី២២២នាក់) ជនជាតិវៀតណាម ៤៩នាក់ ជនជាតិនីសេរីយ៉ា ៣នាក់ និងជនជាតិម៉ាឡេស៊ី ១នាក់»។
លោកបានបន្តថា កម្លាំងនគរបាលបានបញ្ជូនអ្នកប្រើប្រាស់គ្រឿងញៀន ទៅមជ្ឈមណ្ឌលឱកាសខ្ញុំ ចំនួន១,៣៤៥នាក់ (ស្រី១១០នាក់)។ បញ្ជូនទៅកាន់តុលាការចំនួន ៩៣២នាក់ បញ្ជូនទៅកាន់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ចំនួន១០៧នាក់ (ស្រី២នាក់) បញ្ជូនទៅឲ្យគ្រួសារវិញ ចំនួន២៣៩នាក់ (ស្រី១៥នាក់)។
ចំពោះការបង្ក្រាបល្បែងស៊ីសងវិញ បង្ក្រាបបានចំនួន ៥៤ករណី ឃាត់ខ្លួនមនុស្សចំនួន ១៥៧នាក់ (ស្រី៤១នាក់) និងដកហូតបានសម្ភារៈមួយចំនួន។ បង្ក្រាបការជួញដូរមនុស្សបានចំនួន ១២ករណី ឃាត់ខ្លួនបាន ១៤នាក់ (ស្រី៦នាក់) និងបានបញ្ជូនជនរងគ្រោះ ដោយការជួញដូរមនុស្សនេះ ទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ចំនួន១៩នាក់ (ស្រី១៤នាក់)។
លោក ឃួង ស្រេង បានបន្តទៀតថា សម្រាប់ត្រីមាសទី១នេះ អាជ្ញាធររជធានីភ្នំពេញ បានទទួលជនអនាថាមិនស្ម័គ្រចិត្តសរុប ៤៤៧នាក់ (ស្រី៩៨នាក់) កុមារ៣៧នាក់។ បានធ្វើការពិគ្រោះយោបល់ និងបញ្ជូនជនរងគ្រោះ ទៅមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ ចំនួន៤៤៦នាក់ (ស្រី៩៨នាក់) បានបញ្ជូនទៅកាន់ស្នងការនរគបាលរាជធានីភ្នំពេញ ចំនួន១នាក់ ជាជនជាតិបរទេស។
ចំណែកគ្រោះថ្នាក់ចរាចរណ៍វិញ បានកើតមានឡើងចំនួន ៣២២លើក មានអ្នកស្លាប់ចំនួន ៧៥នាក់ របួសចំនួន ៣០៧នាក់ ខូចខាតរថយន្តចំនួន ១៧៩គ្រឿង ម៉ូតូចំនួន ៣២៣គ្រឿង រ៉ឺម៉កម៉ូតូចំនួន ៦គ្រឿង និងកង់ចំនួន ១គ្រឿង។ មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ទាំងនេះ គឺផ្តើមចេញពីការបើកបរលើសល្បឿនកំណត់ ៥៣.១១% មិនគោរពសិទ្ធិអាទិភាព ១៦.៧៤% ជែងគ្នា ១៦.២៨% បើកបរក្នុងជាតិស្រវឹង ១៣.៨៧%។
ដោយឡែក សម្រាប់រយៈពេល ៣សប្តាហ៍ ក្នុងខែមេសារនេះ បង្ក្រាបបានករណីជួញដូរគ្រឿងញៀន បានចំនួន ៧៤ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន ១៧២នាក់ (ស្រី២៥នាក់) បានបញ្ជូនទៅមជ្ឈមណ្ឌលឱកាសខ្ញុំ ចំនួន៨៣នាក់ (ស្រី៨នាក់) ស្របពេលដែលមជ្ឈមណ្ឌលឱកាសខ្ញុំ មានអ្នកញៀនថ្នាំកំពុងស្នាក់នៅជាក់ស្តែង ចំនួន១,៦៧៥នាក់ (ស្រី១,២២នាក់)៕