(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ ដោយហាមប្រជាពលរដ្ឋ បណ្ដើរសត្វឆ្កែនៅលើសួនច្បារតទៅទៀត ពីព្រោះធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងបញ្ហាសន្ដិសុខ ជាពិសេសភ្ញៀវអន្ដរជាតិ និងពលរដ្ឋផ្សេងទៀត ដែលហាត់ប្រាណនិងដើរលេងកំសាន្ដ នៅលើសួនច្បារទាំងនោះ។
អភិបាលរាជធានីភ្នំពេញរូបនេះ បានចេញសេចក្ដីព្រមានថា បើប្រជាពលរដ្ឋទាំងឡាយណា នៅបន្ដបណ្ដើរសត្វឆ្កែនេះទៀត សមត្ថកិច្ចនិងអាជ្ញាធរនឹងចាប់សត្វឆ្កែបោះទៅលើឡានហើយដឹកមកសាលាខណ្ឌ។
វិធានការនេះត្រូវបានលោក ប៉ា សុជាតិវង្ស ដាក់ចេញក្នុងកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមេសានេះ ដោយមានការចូលរួមពីគ្រប់កងកម្លាំង និងអាជ្ញាធរក្រោមឱវាទ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញជាច្រើនអង្គភាពចូលរួម។
លោក ប៉ា សុជាតិវង្ស បានឲ្យដឹងថា សួនច្បារវិមានឯករាជ្យ អាជ្ញាធរខណ្ឌចំការមនត្រូវធ្វើឲ្យបាន ពោលគឺមិនឲ្យមានការដឹកឆ្កែឡើងសួនច្បារទៀតទេ។ លោកថា «កន្លងមកនេះយើងបានទាំងដាក់ស្លាកសញ្ញា ហាមមិនឲ្យឆ្កែចូល ប៉ុន្តែការហាមតាមរយៈស្លាកសញ្ញានេះ ហាក់មិនប្រសិទ្ធភាពសោះ ដោយប្រជាពលរដ្ឋនៅតែបន្តនាំសត្វឆ្កែ មកជុះអាចម៌ដាក់លើសួនច្បារដដែលជាដដែល។ ដូច្នេះទេអាជ្ញាធររបស់យើង ត្រូវតែមានវិធានការហើយ គឺត្រូវចាប់សត្វឆ្កែទាំងអស់នោះ ដាក់លើរថយន្តបញ្ជូនមកសាលាខណ្ឌ ហើយលើបញ្ហានេះបើត្រូវពឹងកងកម្លាំងមានសមត្ថកិច្ច របស់ក្រុង គឺក្រុងចុះជួយភ្លាម»។
អភិបាលរាជធានី បញ្ជាក់ថា «សួនច្បារធ្វើអស់លុយច្រើនណាស់ សម្រាប់ឲ្យប្រជាពលរដ្ឋយើងក៏ដូចជាភ្ញៀវជាតិ-អន្តរជាតិ បានលំហែរកាយ និងហាត់ប្រាណ មិនមែនធ្វើឲ្យសត្វឆ្កែហាត់ប្រាណនិងជុះអាចម៌ដាក់នោះទេ។ ជាងនេះទៅទៀត ឆ្កែនេះវាបានរំខានទៅដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ-អន្តរជាតិ ទៀតផងដោយពួកគាត់ខ្លាចឆ្កែ»។
ក្រៅពីមានវិធានការចំពោះសត្វឆ្កែ មិនឲ្យឡើងលើសួនច្បារហើយនោះ លោក ប៉ា សុជាតិវង្ស ក៏បានដាក់បទបញ្ជា ឲ្យអាជ្ញាធរខណ្ឌចំការមនមានវិធានការចំពោះការលក់ដូរ រំលោភយកសួនច្បារក្បែរនាគបាញ់ទឹកផងដែរ ដោយលោកបញ្ជាក់ថា សួនច្បារ គឺសួនច្បារមិនមែនសម្រាប់ឲ្យពួកគាត់លក់ដូរ បង្កឲ្យបាត់បង់សណ្តាប់ធ្នាប់នោះទេ ហើយទីតាំងនេះគឺបង្កឲ្យកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដោយសារតែអ្នកទិញចតយានយន្តពេញផ្លូវ ដូច្នេះទេអាជ្ញាធរខណ្ឌចំការមន ត្រូវតែអនុវត្តលើវិធានការទាំង២ខាងលើនេះឲ្យមានប្រសិទ្ធភាព៕