(ភ្នំពេញ)៖ ផ្ទះប្រជាពលរដ្ឋដែលរកស៊ីលក់គ្រឿងសង្ហារឹម មានពូក ខ្នើយ សាឡុងជាដើម ស្ថិតនៅតាមផ្លូវ២០១១ ជិតផ្សារបឹងឈូក ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានរលត់ទៅវិញហើយ នៅវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ បន្ទាប់ពីកម្លាំងសមត្ថកិច្ច និងអាជ្ញាធរចេញជួយអន្ដរាគមន៍ភ្លាមៗ ក្រោយកើតហេតុ។
នាយការិយាល័យ បង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាព Fresh Newsថា កម្លាំងសមត្ថកិច្ចបានបញ្ជូន និងប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន៦គ្រឿង ដើម្បីជួយអន្ដរាគមន៍បាញ់ពន្លត់ ដោយមិនបានឆេះរីករាលដាល ទៅកាន់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត ជាប់ផ្ទះកើតហេតុឡើយ។
បើតាមនាយការិយាល័យរូបនេះ ទ្រព្យសម្បត្តិនៅក្នុងផ្ទះត្រូវបានឆេះបំផ្លាញទាំងស្រុង ប៉ុន្ដែមិនទាន់បានគិតជាទឹកប្រាក់អស់ទំហំប៉ុន្មាននៅឡើយទេ។ តែទោះជាយ៉ាងណាក៏ដោយ មេពន្លត់អគ្គិភ័យរាជធានីភ្នំពេញរូបនេះ មិនទាន់អាចបញ្ជាក់ពីមូលហេតុ ដែលនាំឲ្យកើតមានអគ្គិភ័យនេះឡើយ ដោយកំពុងធ្វើការស្រាវជ្រាវបន្ដទៀត។
ភ្នាក់ងារ Fresh News ប្រចាំខណ្ឌសែនសុខ លោក ជួន សុជាតិ បានរាយការណ៍បន្ថែមថា ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចប្រើរថយន្ដអស់៦គ្រឿង ស្មើនឹង៧ជើង ហើយម្ចាស់ផ្ទះកើតហេតុ បានរត់គេចខ្លួនបាត់ហើយ ដោយមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
ជាមួយគ្នានេះ បើតាមភ្នាក់ងារ Fresh News ដដែល អគ្គិភ័យក៏បានឆាប់ផ្ទះប្រជាពលរដ្ឋនៅក្បែខាង បណ្ដាលឲ្យរងការខូចខាតផងដែរ៕