(ភ្នំពេញ)៖ ក្រោមគំនិតផ្តួចផ្តើម របស់លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបនូវកម្មវិធីស្ទាបស្ទង់មតិមួយ ដែលមានឈ្មោះថា «កម្មវិធីស្ទាបស្ទង់មតិភ្នែកមហាជន របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម» ដែលត្រូវរៀបចំ ធ្វើនៅរៀងរាល់ឆមាសនីមួយៗ។
កម្មវិធីស្ទាបស្ទង់មតិភ្នែកមហាជននេះ គឺជាការបោះឆ្នោតផ្តល់មតិដោយសម្ងាត់ និងយុត្តិធម៌ របស់មន្រ្តីរាជការក្រោមឱវាទ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទៅលើការងារដឹកនាំ គ្រប់គ្រង និងការបំពេញការងារ របស់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដោយធ្វើឡើង ក្នុងស្មារតីចូលរួមចំណែក ក្នុងគោលនយោបាយ កែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្នុងការកែលម្អរបៀបរបបធ្វើការងារ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងប្រសិទ្ធភាព ស្របតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលក្រើនរំឭកជាប្រចាំឲ្យមន្រ្តីរាជការ គ្រប់ស្ថាប័ន ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល និងវះកាត់។
លទ្ធផល នៃការស្ទង់មតិនេះ នឹងជួយដាសស្មារតី ដល់មន្រ្តីរាជការគ្រប់រូប ឲ្យមើលឃើញពីកំហុសឆ្គងរបស់ខ្លួន ក្នុងការអនុវត្តការងារជាមួយមន្ត្រី ក្រោមឱវាទ ហើយត្រូវធ្វើការកែប្រែ ឲ្យបានជាបន្ទាន់ទាំងអត្តចរិត និងសីលធម៌ ធ្វើយ៉ាងណាឲ្យការបំពេញការងារប្រព្រឹត្ត ទៅប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានសេចក្តីថ្លៃថ្នូ ជៀសវាងការថ្នាំងថ្នាក់ ពីមន្រ្តីថ្នាក់ក្រោម ដែលអាចឈានទៅដល់ការវៈកាត់ នៅពេលណាមួយ។
ខាងក្រោមនេះ ជាលទ្ធផលនៃការស្ទាបស្ទង់ មតិភ្នែកមហាជនរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម សម្រាប់ឆមាសទី២ នៃឆ្នាំ២០១៦ (លោកអ្នកអាច download file PDF តាមរយៈគេហទំព័រផ្លូវការ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម www.mih.gov.kh)៖