(ភ្នំពេញ)៖ រហូតដល់ម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ ក្រសួងមហាផ្ទៃ មិនទាន់ធ្វើសេចក្តីសម្រេចណាមួយជុំវិញករណី លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីផ្សាយជាភាសាខ្មែរ ដែលមន្រ្តីពន្ធនាគារចោទថា បានបន្លំចូលពន្ធនាគារនោះ នៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។
បើតាមការបង្ហើបរបស់មន្រ្តីក្រសួងមហាផ្ទៃបានទម្លាយឲ្យដឹងថា, របាយការណ៍ និងឯកសារច្បាប់នោះ មានភ្ជាប់ជាមួយនឹងសំណើមួយចំនួន ដើម្បីដាក់ជូនសម្តេចក្រឡាហោម ស ខេង ជាអ្នកសម្រេច ដោយក្នុងនោះមានការស្នើកុំឱ្យតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ចុះសួរសុខទុក្ខសកម្មជនរបស់ខ្លួនតទៅទៀត និងស្នើឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ មានចំណាត់ការផ្លូវច្បាប់មួយចំពោះករណីនេះ។
កាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ម្សិលមិញ អគ្គនាយកដ្ឋានពន្ធនាគារ បានធ្វើរបាយការណ៍ និងឯកសារច្បាប់ពាក់ព័ន្ធនឹងករណី លោក ជុន ច័ន្ទបុត្រ ដែលបន្លំចូលពន្ធនាគារ បញ្ជូនទៅក្រសួងមហាផ្ទៃ ដើម្បីធ្វើសេចក្តីសម្រេចមួយជុំវិញករណីខាងលើនេះ។
សូមបញ្ជាក់ថា កាលពីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និង លោក ឡុង រី បាននាំលោក ជុន ច័ន្ទបុត្រ ឬ ហួត វុទ្ធី មេវិទ្យុអាស៊ីសេរីផ្សាយជាភាសាខ្មែរ ដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ចូលទៅ ពន្ធនាគារព្រៃស នាព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីចុះសួរសុខទុក្ខ សកម្មជនរបស់គណបក្សសង្រ្គោះជាតិ ចំនួន១៦នាក់ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស៕