(ភ្នំពេញ)៖ ម្ចាស់ក្រុមហ៊ុនបុរីអង្គរ លោក ព្រំ សុធី នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ បានអះអាងថា របាំងបិទផ្លូវមួយខ្សែនៅតំបន់ Cam-Ko City ស្ថិតនៅក្នុងភូមិគង្គាផុស សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដែលការពារមិនឱ្យរថយន្តធុនធំឆ្លងកាត់នោះ ជារបស់ក្រុមហ៊ុន Cam-Ko City មិនមែនខ្លួនជាអ្នកដាក់នោះទេ។
ការបញ្ជាក់នេះ បានធ្វើឡើងបន្ទាប់ពីមានការតវ៉ារបស់ក្រុមហ៊ុនដឹកជញ្ជូនដី និងថ្ម ដោយប្រើរថយន្តធុនធ្ងន់ ជំទាស់ទៅនឹងការដាក់របាំងនេះ រហូតដល់មានអាជ្ញាធរមូលដ្ឋានចុះធ្វើអន្តរាគមន៍។ ក្រុមហ៊ុនដឹកជញ្ចូនដី និងថ្ម ដែលយកទៅសាងសង់នៅតំបន់នោះ បានចោទក្រុមហ៊ុនបុរីអង្គរដែលជាអ្នកចេញលុយសាងសង់ផ្លូវខាងលើ ថាជាអ្នកបិទមិនឱ្យរថយន្តពួកគេបើកបរតាមផ្លូវកៅស៊ូនេះ។
លោក ព្រំ សុធី បានបញ្ជាក់ឱ្យដឹងថា ផ្លូវចូលតំបន់ Cam-Ko City ខាងលើនេះ លោកបានទទួលសិទ្ធិពីរាជរដ្ឋាភិបាលក្នុងការស្ថាបនាផ្លូវនេះ កាលពីអំឡុងវិបត្តិសេដ្ឋកិច្ចពិភពលោក ដោយចំណាយថវិកាផ្ទាល់ខ្លួន ប្រមាណ១លានដុល្លារ។ ទោះជាយ៉ាងនេះក្តី លោកអះអាងថា ទោះបីជាលោកជាអ្នកសាងសង់ក៏ដោយ ក៏លោកពុំមែនជាអ្នកដាក់របាំងបិទផ្លូវ មិនឱ្យរថយន្តកង់១០ ចូលនោះដែរ។ លោកអះអាងថា អ្នកដាក់របាំងនេះគឺជាក្រុមហ៊ុន Cam-Ko City ដែមានរយៈពេលច្រើនឆ្នាំមកហើយ ដោយសូម្បីតែរថយន្តដឹកគ្រឿងសំណង់ផ្គត់ផ្គង់ឱ្យក្រុមហ៊ុនបុរីអង្គរខ្លួនឯងក៏គេមិនឱ្យចូលផង។ លោកស្នើកុំឱ្យសាធារណជនមានការយល់ច្រឡំ។
ចំពោះរឿងនេះ Fresh News មិនទាន់អាចទាក់ទងក្រុមហ៊ុន Cam-Ko City បាននៅឡើយ។
ម្ចាស់ក្រុមហ៊ុនបុរីអង្គរ បានលើកឡើងថា ទោះជាបែបណាក៏ លោករួមទាំងប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះ មានការព្រួយបារម្ភ ចំពោះផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់ផ្លូវមួយខ្សែនេះ ដោយសារតែមួយថ្ងៃៗ មានរថយន្តធុនធ្ងន់ ប្រភេទកង់១០ ដឹកដីនិងថ្ម តាមផ្លូវនេះ ដើម្បីយកទៅសាងសង់ក្បែរនោះ។ លោកស្នើឱ្យក្រុមហ៊ុនដឹកជញ្ជូន ប្រើប្រាស់រថយន្តធុនតូចល្មម ដែលផ្លូវនេះអាចទ្រាំទ្របាន។ លោកថ្លែងថា បើសិនបើមានការដឹកជញ្ជូនរថយន្តធុនធំរាល់ថ្ងៃ ផ្លូវនេះនឹងច្បាស់ជាខូចនៅឆាប់ៗនេះហើយ។ លោក ព្រំ សុធី ក៏បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធសម្រួលដើម្បីឱ្យផ្លូវមួយខ្សែរបស់លោក មានគុណភាពយូរអង្វែង។
ទោះជាយ៉ាងនេះក្តី កាលពីម្សិលមិញនេះ អភិបាលរងខណ្ឌ លោក ប្រាជ្ញ សីហា បានចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ។ លោកស្នើឱ្យភាគីទាំងពីរសម្របសម្រួលគ្នា ដោយមិនត្រូវធ្វើការបាំងផ្លូវមិនឱ្យរថយន្តបើកកាត់នោះទេ។ ជាមួយគ្នានេះ លោកក៏បានស្នើឱ្យភាគីខាងដឹកជញ្ជូនចូលរួមថែរក្សាផ្លូវនេះ ដោយមិនត្រូវធ្វើឱ្យខូចខាត ឬបាត់បង់សោភណ្ឌភាពឡើយ៕