(ភ្នំពេញ)៖ ទីបំផុត អឿត អាង ហៅជួប សម្លាប់ សម្រេចចិត្តប្តឹងឧទ្ធរណ៍ ដើម្បីប្រឆាំងនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ ជនជាប់ចោទអះអាងថា ទោសមួយជីវិតនេះធ្ងន់ធ្ងរពេក ដែលធ្វើឲ្យគេគ្មានឱកាសកែប្រែកំហុស រឿងក្តីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ។
មេធាវីការពារក្ដីជួប សម្លាប់ គឺ លោក យុង ផានិត ថ្លែងប្រាប់ Fresh News នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ថា លោកបានដាក់ពាក្យបណ្ដឹងឧទ្ធរណ៍កាលពីថ្ងៃទី២០ ខែមេសា តាមឆន្ទៈរបស់កូនក្តី ។ លោកមេធាវីអះអាងថា មូលហេតុនៃការប្តឹងឧទ្ធរណ៍នេះ ដោយសារ ជួប សម្លាប់ យល់ថា ទោសជាប់ពន្ធនាគារអស់មួយជីវិត គឺធ្ងន់ធ្ងរពេកដែលធ្វើឲ្យគេគ្មានឱកាសកែប្រែកំហុស ហើយគេសង្ឃឹមថា សាលាឧទ្ធរណ៍នឹងផ្តល់ស្ថានសម្រាលទោសដល់រូបគេ ។
គួរបញ្ជាក់ថា ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ផ្តន្ទាទោសអស់មួយជីវិត ពាក់ព័ន្ធឃាតកម្មលើលោកបណ្ឌិត កែម ឡី ក្រោមការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន និងបទរក្សាទុកអាវុធខុសច្បាប់ តាមមាត្រា២០០និងមាត្រា៤៩០នៃក្រមព្រហ្មទណ្ឌ ។
លោកមេធាវី យុង ផានិត ធ្លាប់ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា តុលាការសម្រេចបំបែកសំណុំរឿងបន្ថែម ដើម្បីស៊ើបអង្កេតរកអត្តសញ្ញាណអ្នកដែលផ្តល់អាវុធដល់ ជួប សម្លាប់ និង អត្តសញ្ញាណអ្នកដែលនាំជួប សម្លាប់ ឲ្យស្គាល់បណ្ឌិត កែម ឡី ។
នាសវនាការកន្លងទៅ ជនជាប់ចោទ អឿត អាង ហៅជួប សម្លាប់ នៅតែសារភាពថា ខ្លួនពិតជាអ្នកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ពិតប្រាកដមែន ហើយសកម្មភាពនេះ គឺ ខ្លួនធ្វើតែម្នាក់ឯង ពុំមានអ្នកនៅពីក្រោយខ្នងនោះទេ បើទោះបីជាក្រុមគ្រួសារនៃសពមិនជឿក៏ដោយ។ ជនជាប់ចោទ ជួប សម្លាប់ អះអាងទៀតថា មូលហេតុដែលខ្លួនសម្លាប់លោកបណ្ឌិត កែម ឡី ព្រោះខឹងនឹងជនរងគ្រោះដែលជំពាក់ប្រាក់ចំនួន៣០០០ដុល្លារ មិនព្រមសង ទើបខ្លួនធ្វើសកម្មភាពបែបនេះតែម្តង ។
នៅក្នុងពេលសវនាការ តុលាការក៏បានបង្ហាញកាមេរ៉ាសុវត្ថិភាពនៅបរិវេណក្នុងស្តារម៉ាត រហូតដល់ចំណុចមុខវត្តស្វាយពពែ ដែលបង្ហាញថា ក្នុងអំពើឃាតកម្មនេះ គឺ មានតែជនជាប់ចោទ ជួប សម្លាប់ ម្នាក់ប៉ុណ្ណោះ ។ រីឯ ក្រយៅដៃលើកាំភ្លើង ត្រូវបានលទ្ធផលកោសល្យវិច័យបង្ហាញថា ពិតជាក្រយៅដៃរបស់ ជួប សម្លាប់ ពិតប្រាកដមែន ។
សូមជំរាបថា អឿត អាង ហៅជួប សម្លាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយពីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពីវេលាម៉ោង៨៖៥០នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្នុងទីតាំង ស្តារម៉ាត នៃស្ថានីយប្រេងឥន្ធនៈកាល់តិច បូកគោ ស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និង មហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន៕