(ភ្នំពេញ)៖ ស្របពេលប្រធានបទលើករណីលោក ជុន ច័ន្ទបុត្រ ប្រធានវិទ្យុអាស៊ីសេរីនៅកម្ពុជា បន្លំខ្លួនចូលពន្ធនាគារកំពុងត្រូវបានគេតាមដានថា តើក្រសួងមហាផ្ទៃនឹង មានចំណាត់ការ ឬយ៉ាងណានោះ, នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះលោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា «ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ គឺជាកន្លែងសម្រាប់រក្សាទុកជនទាំងឡាយណាដែលស្ថិតនៅក្រោមយុត្តាធិការនៃអំណាចតុលាការ! កន្លែងនេះ មិនមែនជាទីសាធារណៈ សម្រាប់អ្នកចង់ចូល ឬចង់ចេញស្រេចតែអំពើចិត្តនោះទេ!»។
អ្នកនាំពាក្យដដែលរូបនោះ បានអះអាងទៀតថា «ទោះនៅប្រទេសណាក៏ដោយ ការចូលជួបជនទាំងឡាយដែលកំពុងស្ថិតក្នុងការឃុំខ្លួន ឬអនុវត្តទោស ត្រូវអនុវត្តតាមបទដ្ឋានច្បាប់ និងបទដ្ឋានសន្តិសុខសុវត្ថិភាពជាចាំបាច់!»។
សូមជំរាបថា របាយការណ៍ និងឯកសារច្បាប់ពីពន្ធនាគារ ពាក់ព័ន្ធនឹងករណី លោក ជុន ច័ន្ទបុត្រ ដែលបន្លំចូលពន្ធនាគារ ត្រូវបានបញ្ជូន ទៅដល់ក្រសួងមហាផ្ទៃហើយ នៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ ហើយលទ្ធផលនៃការសម្រេចរបស់ក្រសួងមហាផ្ទៃ នឹងបង្ហាញនៅថ្ងៃទី២១ ខែមេសានេះ។ នេះបើតាមការបង្ហើបពីមន្រ្តីជាន់ខ្ពស់ របស់ក្រសួងមហាផ្ទៃថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News កាលពីព្រលប់ម្សិលមិញ។
បើតាមការបង្ហើបរបស់មន្រ្តីក្រសួងមហាផ្ទៃ, របាយការណ៍ និងឯកសារច្បាប់នោះ មានភ្ជាប់ជាមួយនឹងសំណើមួយចំនួន ដើម្បីដាក់ជូន សម្តេចក្រឡាហោម ស ខេង ជាអ្នកសម្រេច ដោយក្នុងនោះមានការស្នើកុំឱ្យតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ចុះសួរសុខទុក្ខ សកម្មជន របស់ខ្លួនតទៅទៀត និងស្នើឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ មានចំណាត់ការ ផ្លូវច្បាប់មួយ ចំពោះករណីនេះ។
សូមបញ្ជាក់ថា កាលពីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និង លោក ឡុង រី បាននាំលោក ជុន ច័ន្ទបុត្រ ឬ ហួត វុទ្ធី មេវិទ្យុអាស៊ីសេរីផ្សាយជាភាសាខ្មែរ ដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ចូលទៅ ពន្ធនាគារព្រៃស នាព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីចុះសួរសុខទុក្ខ សកម្មជនរបស់គណបក្សសង្រ្គោះជាតិ ចំនួន១៦នាក់ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស៕