(រតនគិរី)៖ សមត្ថកិច្ចចម្រុះ រួមមានកម្លាំងអាវុធហត្ថ ស្រុកអូរយ៉ាដាវ និងកម្លាំងរដ្ឋបាលព្រៃឈើ បានសហការគ្នា ស្ទាក់ចាប់រថយន្ត៣គ្រឿង លួចដឹកឈើសុក្រំ ដែលកំពុងធ្វើដំណើរបម្រុងចេញទៅប្រទេសវៀតណាម តាមច្រករបៀងភ្នំក្រហម នៅវេលាម៉ោង១១៖៤៥នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ ត្រង់ចំណុចភូមិប្លង់ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ។
មេបញ្ជាការមូលដ្ឋានស្រុកអូរយ៉ាដាវ លោកវរសេនីយ៍ត្រី សុខ មីន បានឲ្យដឹងថា ប្រតិបត្តិការនេះដឹកនាំដោយលោក ស៊ឹម លីន អភិបាលរងស្រុកអូរយ៉ាដាវ និងដោយមានការបញ្ជាផ្ទាល់ពីលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី។
លោកមេបញ្ជាការបានបញ្ជាក់ថា ដោយយប់ងងឹតហើយអ្នកបើករថយន្តដឹកបទល្មើស មានឱកាសបើកទ្វាររត់គេចខ្លួនបាត់ តែទោះជាយ៉ាងណា បន្ទាប់មកកម្លាំងដែលចុះប្រតិបត្តិការ បាននាំរថយន្តដឹកឈើសុក្រំខាងលើ ប្រគល់ឲ្យផ្នែករដ្ឋបាលព្រៃឈើបរកែវ ចាត់ចែងបន្តតាមច្បាប់ស្តីព្រៃឈើ៕