(កំពង់ស្ពឺ)៖ ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល លើកទី១ និងប្រកាសតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្រ្តី នគរបាលជាតិកម្ពុជា សម្រាប់ឆ្នាំ២០១៦ និងគ្រូបង្គោលស្តីពី ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ នៅសាលានគរបាលជាតិ មិត្តភាពកម្ពុជា-វៀតណាម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ជំរុញឲ្យមន្ដ្រីនគរបាលថ្មី ត្រូវស្វែងយល់ រៀនសូត្របទពិសោធន៍ និងជំនាញពីរៀមច្បងមុនៗ។
ក្នុងពិធីនេះ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា «មន្រ្តីនគរបាលថ្មីពេលត្រឡប់ទៅអង្គភាព ត្រូវប្រឹងប្រែងសិក្សាទ្រឹស្តីផង ស្រាវជ្រាវឯកសារផង រៀនជំនាញផង រៀនពីរៀមច្បងយើងផង។ ពិសេសរៀនរស់នៅរបៀបជាកងកម្លាំងនគរបាលជាតិ គោរពសីលធម៌ គោរពវិន័យ ខិតខំរៀនសូត្រ ចម្បងជាងគេគឺ វិន័យនគរបាលជាតិ និងច្បាប់របស់រដ្ឋ ខ្វះអីបាន តែខ្វះមនុស្សអត់បានទេ បានមនុស្សហើយត្រូវថែមអី ត្រូវថែមវិជ្ជាជីវៈរៀនសូត្របន្តទៀត ប្អូនណាប៉ុស្តិ៍រដ្ឋបាល ត្រូវរៀនប៉ុស្តិ៍រដ្ឋបាល ប្អូនណាចរាចរណ៍ ត្រូវរៀនពីចរាចរណ៍ ប្អូនណាអគ្គិភ័យ ត្រូវរៀនពីអគ្គិភ័យ ត្រូវរៀនបន្តទៀតដើម្បីអី ដើម្បីវិជ្ជាជិវៈរបស់យើង»។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ បានសំណូមពរ ក៏ដូចជាដាក់បទបញ្ជាថា ជំនាញអាចបំប៉នបាន តែអត់គោរពវិន័យ និងច្បាប់រដ្ឋអត់យោគយល់បានទេ ត្រូវតែគោរពដាច់ខាត ព្រោះរាល់ថ្ងៃនេះគេលើកទឹកចិត្តឲ្យមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ជាគំរូដើម្បីប្រជាពលរដ្ឋ។
ជាមួយគ្នានោះ អគ្គស្នងការនគរបាលជាតិ សំណូមពរឲ្យសិស្សនាយនគរបាល នាយនគរបាលរង ត្រូវជ្រោងទង់សាមគ្គីភាពជាមួយមិត្តភ័ក្រ្ត សាមគ្គីភាពជាមួយមិត្តរួមអាវុធ សាមគ្គីភាពជាមួយប្រជាពលរដ្ឋ សាមគ្គីភាពជាមួយអង្គភាពពាក់ព័ន្ធ ពិសេសត្រូវលប់បំបាត់ជំងឺតួឯក ជំងឺមោទនៈភាព ជំងឺបុគ្គឯកដោយខ្លួនឯង ហើយត្រូវចេះរស់នៅរបៀបសមូហភាព គ្មានកិច្ចការមួយណាសម្រេចដោយខ្វះកិច្ចសហការបានទេ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានឧបត្ថម្ភថវិកាចំនួន ៥លានរៀន ដល់សាលានគរបាលជាតិ មិត្តភាពកម្ពុជា-វៀតណាម ផងដែរ ដើម្បីយកទៅផ្គត់ផ្គង់ និងអភិវឌ្ឍការងារមួយចំនួននៅក្នុងសាលា។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាល «កម្រិតបឋមវិជ្ជាជីវៈនគរបាល» លើកទី១នេះ មានរយៈពេល៧៥ថ្ងៃ សម្រាប់ទូទាំងប្រទេសមានសិស្សនាយនគរបាល និងនាយនគរបាលរង សរុប១,៧៥១នាក់ (នារី៤៣៤នាក់)។ ដោយឡែកនៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម មានចំនួន ២០០នាក់ (នារី៣៤នាក់)៕