(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា តើសន្តិភាពរបស់ប្រទេសកម្ពុជា នឹងអាចរក្សាបាន ដែរឬទេ បើសិនគណបក្សប្រជាជនកម្ពុជា មិនកាន់អំណាច ព្រោះតែការលាបពណ៌ ការជេរប្រទេច និងការប្រមាថមាក់ងាយ ដែលបង្កឡើង ដោយក្រុមអ្នកប្រឆាំង នៅតែបន្តកើតមាននៅក្នុងសង្គមខ្មែរ។ សម្តេចបានប្រកាសថា គណបក្សប្រជាជនកម្ពុជា ជានិម្មិតរូបនៃសន្តិភាព ហើយថាបើបោះឆ្នោត ឱ្យគណបក្សប្រជាជនកម្ពុជានោះ សន្តិភាព និងការអភិវឌ្ឍនេះនឹងនៅតែកើតមានបន្ត ទៅមុខទៀត។

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងក្នុងពិធី សំណេះ​សំណាលជាមួយកីឡាការិនី អ៊ុក ស្រីមុំ ដែលជាម្ចាស់មេដាយមាសពិភពលោក ផ្នែកកីឡាប៉េតង់កម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «តើប្រាកដទេ នៅពេលដែលគណបក្សប្រជាជនកម្ពុជា មិនកាន់អំណាចតើប្រាកដថា សន្តិភាពនេះ ត្រូវបានធានាឬអត់? បើការលាបពណ៌ ការជេរប្រទិច ការប្រមាថមាក់ងាយ នៅតែបន្តកើតមាននៅក្នុងចំណោមមេដឹកនាំ និងអ្នកគាំទ្ររបស់ពួកគេ។ នេះជាការដាស់តឿនមួយ សម្រាប់ការបោះឆ្នោតនៅពេលខាងមុខ តើបោះដើម្បីសន្តិភាពបន្តឬបោះ ដើម្បីសង្រ្គាម ជ្រើសរើសទៅ ដើម្បីសន្តិភាពឬសង្រ្គាម បោះឱ្យគណបក្សប្រជាជន សន្តិភាពនឹងមានបន្ត ឱកាសអភិវឌ្ឍ នឹងមានបន្ត»

សម្តេចតេជោ ហ៊ុន សែន ក៏បានហៅការផ្លាស់ប្តូរកន្លងទៅ ដែលកម្ពុជាធ្លាប់ជួបប្រទះ ជាការផ្លាសប្តូរពីសន្តិភាពទៅជា សង្រ្គាម។ កាលពីទស្សវត្សឆ្នាំ១៩៧០ លោក លន់ នល់ បានធ្វើការផ្លាស់ប្តូរពីរបបសង្គមរាស្រ្តនិយមដោយទម្លាក់សម្តេច សីហនុ ទៅជារបប សាធារណរដ្ឋខ្មែរ ដែលបង្កជាសង្រ្គាម និងការផ្លាស់ប្តូរដ៏គ្រោះថ្នាក់ ជាបន្តបន្ទាប់រហូតដល់ របបប្រល័យពូជសាសន៍ សម្លាប់មនុស្ស រាប់លាននាក់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «នោះគឺផ្លាស់ប្តូរហើយ ពិតជាផ្លាស់ប្តូរមែន ផ្លាស់ប្តូរពីប្រទេសដែលមានសន្តិភាព ក្នុងដំណាក់កាល ក្រោមព្រះរាជកិច្ចដឹកនាំ របស់សម្តេចព្រះនរោត្តម សីហនុ ផ្លាស់ប្តូរទៅកាន់សង្រ្គាមមួយពិតប្រាកដ ហើយផ្លាស់ប្តូរ ជាបន្តបន្ទាប់រហូតដល់របបប្រល័យពូជសាសន៍ តើនេះជាការចង់បាន របស់អ្នកបោះឆ្នោតឬ?»

ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវឱ្យថែរក្សាសន្តិភាព ដែលកម្ពុជាមានសព្វថ្ងៃនេះ ដើម្បីកុំឱ្យរងគ្រោះ ដូចប្រទេសមួយចំនួន នៅមជ្ឈឹមបូព៌ា ក្នុងនោះមានប្រទេសអ៊ីរ៉ាក់ ស៊ីរី លីប៊ី ជាដើម៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖