(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ជំរុញឲ្យអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ តាមបណ្តាក្រុង ស្រុក ក្នុងខេត្តត្រូវបន្តអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច ឲ្យកាន់មានប្រសិទ្ធិភាពថែមទៀត។
ថ្លែងបែបនេះ របស់លោកអភិបាលខេត្ត ត្រូវបានធ្វើឡើង ក្នុងឱកាសអញ្ជើញជាអធិបតីភាពជាមួយ លោក ឡុង សុវណ្ណ ប្រធាន ក្រុមប្រឹក្សាខេត្ត ក្នុងសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ។
លោក អ៊ុន ចាន់ដា បានលើកឡើងថា សមិទ្ធិផលរយៈពេល៥ឆ្នាំកន្លងមកនេះ គឺបានស្តែងចេញពីការខិតខំប្រឹងប្រែង របស់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ គួបផ្សំនិងការចូលរួមពីអង្កការដៃគូអភិវឌ្ឍន៏នានា ពិសេសការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៏រីកចម្រើនលើគ្រប់វិស័យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
បន្ថែមពីនេះ លោកអភិបាលខេត្ត បានដាក់ចេញនូវវិធានការមួយចំនួនសម្រាប់ឲ្យមន្ដ្រីក្រោមឱវាទយកទៅអនុវត្ត ដូចជា៖ ការចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ឲ្យមានប្រសិទ្ធិភាពថែមទៀត ដើម្បីសេចក្តីសុខ និងការរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋ, ការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសនៅតាមមូលដ្ឋាន ដោយមានមណ្ឌលអភិវឌ្ឍន៏ធនធានមនុស្សសម្រាប់ គាំទ្រលើការបណ្តុះបណ្តាល ហើយ អាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តខិតខំអនុវត្តច្បាប់ឲ្យមានប្រសិទ្ធិភាព ក្នុងការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន និងបេតិកភ័ណ្ឌជាតិ, ត្រូវពង្រឹងការអនុវត្តកិច្ចការរដ្ឋបាលតាមរយៈប្រព័ន្ធចេញចូលច្រកតែមួយ ឲ្យមានប្រសិទ្ធិភាពតម្លាភាព ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
យ៉ាងណាមិញ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលបានកន្លងផុតទៅថ្មីៗ អភិបាលខេត្តព្រះវិហារ បានធ្វើការកោតសរសើរដល់ អាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៅតាមក្រុង ស្រុក ក្នុងខេត្ត ដោយបានយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាពបានល្អ បង្កការសប្បាយដល់បងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន៕