(ត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋប្រមាណ៤៣៤គ្រួសារ មានដីនៅភូមិខ្នងក្រពើលិច និងភូមិខ្នងប្រពើកើត ឃុំត្រមួង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានទំនាស់ជាមួយក្រុមហ៊ុនចំការកៅស៊ូមេមត់ នៅពេលនេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់កម្មសិទ្ធិស្របច្បាប់ជូន ក្រោយមានទំនាស់ជាង១០ឆ្នាំកន្លងមកហើយ។
ការសម្រេចផ្ដល់កម្មសិទ្ធិជូនពលរដ្ឋដែលមានទំនាស់នោះ ត្រូវបានធ្វើឡើង ក្រោយសម្ដេចតេជោ បានចាត់បញ្ជូន លោកទេសរដ្ឋមន្ដ្រី ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ឲ្យទៅជួយដោះស្រាយបញ្ហាដ៏រ៉ាំរៃមួយនេះ។
ជាមួយនឹងការ ទទួលបានកម្មសិទ្ធិស្របច្បាប់យ៉ាងដូច្នេះ ពលរដ្ឋទាំង៤៣៤គ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។
បន្ថែមពីនេះ ពលរដ្ឋទាំងនោះ បានប្រកាស និងប្ដេជ្ញាចិត្តថា «យើងខ្ញុំទាំងអស់គ្នា សូមបេ្ដជ្ញាគាំទ្រទាំងកម្លាំងកាយ កម្លាំងចិត្តរាល់គ្រប់សកម្មភាពការងាររបស់ រាជារដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា គ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយប្ដេជ្ញាគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជន គ្រប់ពេលបោះឆ្នោតជារៀងរហូត»៕