(ភ្នំពេញ)៖ ដូចពាក្យចាស់ពោលថា «ផឹកទឹកនឹកដល់ប្រភព ជ្រកម្លប់នឹកដល់អ្នកដាំ» លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ បានដឹកនាំកម្លាំងសាមគ្គីមិត្តភក្តិរួមជំនាន់ ដែលធ្លាប់បានសិក្សានៅសាលាបាក់ទូកជាមួយគ្នា ប្រមាណ៣០នាក់ ចុះទៅសួរសុខទុក្ខលោកព្រឹទ្ធាចារ្យ មាស ឆឺយ ដែលមានជំងឺស្ពៀតសរសៃឈាមបេះដូង និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រះកេតុមាលា។
បច្ចុប្បន្ន លោកព្រឹទ្ធាចារ្យ មាស ឆឺយ មានអាយុ៧៩ឆ្នាំ ដែលជាអតីតគ្រូបង្រៀនមុខវិជ្ជាសីលធម៌-ពលរដ្ឋវិទ្យា តាំងពីឆ្នាំ១៩៧៩ និងបានចូលនិវត្តន៍នៅឆ្នាំ១៩៩៥។ ក្នុងអំឡុងពេលការងារ លោកគ្រូធ្លាប់បានបង្រៀន និងធ្លាប់ជានាយកសាលា ជាច្រើនសាលាមកហើយ ហើយមានកូនសិស្សក្រោមឱវាទរាប់ពាន់នាក់ តែអ្វីដែលភ្ញាក់ផ្អើលនោះ លោកមិននឹកស្មានថា នៅពេលលោកធ្លាក់ខ្លួនឈឺដូចនេះ មានកូនសិស្សជាច្រើននាក់ នៅចងចាំ និងនឹករឭកដឹងគុណលោក ព្រមទាំងបានយកចិត្តទុកដាក់ នាំគ្នាចុះមកសួរសុខទុក្ខលោកដល់មន្ទីរពេទ្យដូច្នេះទេ។
សូរសម្លេងខ្សឹកខ្សួលអួលដើមក លាយឡំដោយទឹកភ្នែក លោកបាននិយាយថា លោកតែងតែបានឃើញក្រុមសិស្សលោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង រួមគ្នាដើរធ្វើការងារមនុស្សធម៌ ជួយគ្នាទៅវិញទៅមក ជួយអ្នកក្រីក្រ ជារើយៗច្រើនដងហើយ ទោះពេលនេះ លោកថ្លង់ស្ដាប់មិនឮក៏ដោយ តែភ្នែកលោកនៅមើលឃើញអំពើល្អ ដែលក្រុមសិស្សទាំងអស់បានធ្វើ ហើយលោកចាត់ទុកថា សកម្មភាពទាំងនេះ គឺជាបណ្ឌិត ជាអរិយជន គួរឲ្យសរសើរ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយក្រុមមិត្តភក្តិរួមជំនាន់ បាននាំយកអំណោយសួរសុខទុក្ខ ប្រគល់ជូនលោកព្រឹទ្ធាចារ្យ មាស ឆឺយ មួយចំនួនផងដែរ រួមមាន៖ ទឹកសុទ្ធ៤កេះ ទឹកក្រូច២កេះ ផ្លែឈើស្រស់មួយកន្រ្តក ជាសន្ដានចិត្តរបស់លោកផ្ទាល់ និងថវិកា ៨,៣២០,០០០រៀល បានមកពីការចូលរួមរបស់លោក ជាមួយក្រុមមិត្តភក្តិជាច្រើននាក់។
លោកឧត្តមសេនីយ៍ឯក រួមទាំងមិត្តភក្តិបានសម្ដែងពីទឹកចិត្តគោរព ស្រលាញ់ដឹងគុណ ជូនចំពោះលោកព្រឹទ្ធាចារ្យ មាស ឆឺយ ដែលធ្លាប់បានបង្ហាត់បង្រៀនផ្តល់ដំបូន្មាន ដល់ពួកគាត់ទាំងអស់គ្នា។
សូមជម្រាបថា សកម្មភាពប្រមូលផ្តុំរួមសាមគ្គី ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នេះ ពុំមែនជាលើកទីមួយទេ កន្លងមក ក្រុមមិត្តភក្តិរបស់លោកតែងតែបានប្រមូលផ្តុំគ្នា និងចែករំលែកធនធានរបស់ខ្លួន ជួយដល់លោកគ្រូ អ្នកគ្រូ និងមិត្តភក្តិ ដែលជួបការលំបាកជាច្រើននាក់ រួចមកហើយ គឺចាប់តាំងពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានផ្តួចផ្តើមគំនិតប្រមែប្រមូល មិត្តរួមជំនាន់ជាមួយគ្នា ព្រមទាំងលោកគ្រូ អ្នកគ្រូដែលធ្លាប់បង្រៀន កាលរៀននៅសាលាបាក់ទូក ប្រមាណ៣០០នាក់ មកចងក្រងជាក្រុមមួយ តាមបណ្តាញទំនាក់ទំនង Whats App ក្នុងគោលបំណង បានជុំគ្នាឡើងវិញរំលឹកនូវអនុស្សាវរីយ៍ចាស់ៗជាមួយគ្នា ដឹងពីសុខទុក្ខគ្នាទៅវិញទៅមក និងអាចជួយទុក្ខធុរៈគ្នា នៅពេលមិត្តណាម្នាក់មានអាសន្នអន់ក្រ ឬជួបទុក្ខលំបាកផងដែរ៕