(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលជាតិ កម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានថ្លែងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះថា សារមន្ទីរសន្តិភាពសកម្មភាពមីន នៅខេត្តសៀមរាប រួមទាំង រថយន្តបម្រើការដោះមីន គ្រឿងចក្រកម្ទេចមីន អាវក្រោះ ឧបករណ៍រាវមីន និងគ្រឿងបន្លាស់ សរុបតម្លៃប្រមាណ១២លានដុល្លារអាមេរិក ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅដើមខែកក្កដា ឆ្នាំ២០១៧ខាងមុខ នៅខេត្តសៀមរាប ដែលនឹងគ្រោងរៀបអញ្ជើញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាអធិបតី។
ការថ្លែងបញ្ជាក់យ៉ាងដូច្នេះរបស់លោក ហេង រតនា ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងារប្រតិបត្តិការត្រីមាសទី និងទិសដៅផែនការប្រតិបត្តិការឆមាសទី២ ឆ្នាំ២០១៧ នៅទីបញ្ជាការភ្នំពេញ ដែលមានមន្ត្រីស៉ីម៉ាក់ប្រមាណ៦០០នាក់។
លោក ហេង រតនា បានបញ្ជាក់ថា «យើងរៀបចំពិធីផ្ទេរ និងប្រគល់រថយន្ត៨៨គ្រឿង គ្រឿងចក្រកម្ទេចមីន៩គ្រឿង ឧបករណ៍រាវមីន៧៨៨គ្រឿង អាវក្រោះ៤៥០កំប្លេ និងគ្រឿងបន្លាស់មួយចំនួនទៀត នៅខេត្តសៀមរាប ព្រមជាមួយគ្នានឹងការសម្ពោធដាក់ឲ្យប្រើប្រាស់ សារមន្ទីរសន្តិភាព សកម្មភាពមីនរបស់ស៉ីម៉ាក់ ដែលសារមន្ទីរកំពុងខិតខំសាងសង់»។
អគ្គនាយកស៉ីម៉ាក់រូបនេះ ធ្លាប់បានបញ្ជាក់ថា សារមន្ទីរសន្តិភាព តែខាងក្នុងនឹងរៀបចំដាក់បង្ហាញពីប្រវត្តិសង្គ្រាម សកម្មភាពក្នុងសង្គ្រាម ការដោះស្រាយបញ្ហាសំណល់ជាតិផ្ទុះក្រោយសង្គ្រាម និងការអភិវឌ្ឍន៍ក្រោយបោសសំអាតសំណល់ជាតិផ្ទុះរួច ហើយការរៀបចំសារមន្ទីរនេះឡើង ដើម្បីបង្ហាញជូនប្រជាពលរដ្ឋ ជាពិសេសយុវជនជំនាន់នេះ និងជំនាន់ក្រោយៗទៀត ចងចាំនិងយល់ពីសភាពការណ៍ ជាក់ស្តែងមួយចំនួននៃសង្គមខែ្មរ។
ដោយឡែកសម្រាប់ រថយន្តស៉ីម៉ាក់ចំនួន៨៨គ្រឿង គ្រឿងចក្រកំទេចមីនចំនួន៩គ្រឿង ម៉ាស៉ីនរាវមីនចំនួន៧៨៨គ្រឿងផលិតនៅប្រទេសអាល្លឺម៉ង់ និងអាវក្រោះចំនួន៤៥០កំប្លេរ ដែលជាជំនួយរបស់ជប៉ុន បានដឹកមកដល់កម្ពុជាប្រទេសកម្ពុជា ជាបន្តបន្ទាប់រួចហើយ។
ក្នុងកិច្ចប្រជុំនោះដែរ លោក ហេង រតនា ក៏បានជំរុញឲ្យមន្ត្រីស៉ីម៉ាក់ចូលរួមថែរក្សា ប្រើប្រាស់ សម្ភារៈ ឧបករណ៍ដោះមីន ឲ្យបានល្អ។ ពិសេសពេលចុះ បំពេញការងារដោះមីន សូមគោរពគោលការណ៍បច្ចេកទេស ជៀសវាងជួបបញ្ហាគ្រោះថ្នាក់ ជាយថាហេតុ៕