(ភ្នំពេញ)៖ លោក ខៀវ បញ្ញាវឌ្ឍន៍ អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទី រាជធានីភ្នំពេញ និងជាគ្រូបង្គោលសុវត្ថិភាពចំណីអាហារ នៃអគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយមន្រ្តីនៃក្រសួងអប់រំ យុវជន និងកីឡា បានបើកវគ្គផ្សព្វផ្សាយមួយស្តីពី «សុវត្ថិភាពចំណីអាហារ និងកិច្ចការការពារអ្នកប្រើប្រាស់» ដើម្បីពន្យល់ពីមូលហេតុនាំឲ្យចំណីអាហារខូចគុណភាព ថែមទាំងណែនាំពីវិធានការការពារផងដែរ។
វគ្គផ្សព្វផ្សាយមួយស្តីពី សុវត្ថិភាពចំណីអាហារ និងកិច្ចការការពារអ្នកប្រើប្រាស់នេះ ធ្វើឡើងនៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នៅសាលារៀនពិភពថ្មី ដែលមានការចូលរួមពីសិស្សកម្រិតវិទ្យាល័យ ក្នុងសាលារៀនពិភពថ្មី ចំនួន២០៥នាក់ លោកគ្រូ អ្នកគ្រូ និងតំណាងអាជីវករលក់ដូរម្ហូបអាហារ ក្នុងសាលាមួយចំនួនទៀត។
លោក ខៀវ បញ្ញាវឌ្ឍន៍ បានបញ្ជាក់ថា ស្របពេលដែលប្រទេសកម្ពុជា កំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ការព្រួយបារម្ភអំពីម្ហូបអាហារគ្មានសុវត្ថិភាព ចេះតែមានលេចឮឡើងទូទាំងប្រទេស ការបញ្រ្ជាបចំណេះដឹងជាមូលដ្ឋានដល់សិស្សនិស្សិត និងមន្រ្តីជំនាញពាក់ព័ន្ធ គឺមានសារសំខាន់ណាស់។
លោកបានពន្យល់ថា នៅក្នុងវិទ្យាសាស្រ្តម្ហូបអាហារបានកំណត់ថា «គ្មានម្ហូបអាហារណាមួយដែលគ្មានសារធាតុគីមីទេ» គ្រាន់តែសារធាតុគីមីនោះ កើតមកពីធម្មជាតិ កើតឡើងពីការកែច្នៃ ឬកើតឡើងពីការដាក់បន្ថែម ដែលទាំងអស់នោះ អាចចាត់ទុកថាមានសុវត្ថិភាពបាន នៅពេលណាដែលសារធាតុទាំងនោះ ស្ថិតក្នុងបទដ្ឋានកំណត់ និងមានច្បាប់អនុញ្ញាតឲ្យប្រើប្រាស់សម្រាប់មនុស្ស និងសត្វ។
លោក ខៀវ បញ្ញាវឌ្ឍន៍ បានពន្យល់ថា ម្ហូបអាហារដែលពុំមានសុវត្ថិភាព ពុំមែនបង្កឡើងដោយសារធាតុគីមី ក្រោមបទដ្ឋាន និងច្បាប់កម្រិតតែមួយមុខនោះទេ មានកត្តាជាច្រើនទៀត ដែលធ្វើឲ្យម្ហូបអាហារមានហានិភ័យ ទាំងនោះគឺ សារធាតុពុលពីធម្មជាតិ អតិសុខុមប្រាណ អង្គធាតុជារូបវ័ន្ត កាកសំណល់ថ្នាំផ្សះដែលសេសសល់ក្នុងសាច់ នៃបក្សុសត្វ កាកសំណល់ថ្នាំសម្លាប់សត្វល្អិត ដែលនៅសេសសល់ក្នុងបន្លែ ផ្លែឈើ ការដាក់បន្ថែមសារធាតុណាមួយ ទៅលើម្ហូបអាហារដោយខុសច្បាប់ ការដកចេញ ឬដាក់បន្ថែមក្នុងគោលដៅក្លែងបន្លំ ការរក្សាទុកពុំបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។
នៅមានលក្ខខណ្ឌជាច្រើនទៀត ដែលបង្កឲ្យមានបាក់តេរីលូតលាស់ ក្នុងចំណីអាហារនោះគឺ កម្រិត PH កម្រិត AW សំណើម កម្រិតសីតុណ្ហភាព រយៈពេលនៃការរក្សាទុកសារធាតុធ្វើឲ្យធំធាត់ និងការរក្សាទុកពុំត្រឹមត្រូវតាមបច្ចេកទេសជាដើម។
លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល តែងតែដឹកនាំយុទ្ធនាការធំៗបើកមុខ ក្នុងការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ លើទីផ្សារសំខាន់ៗ និងធ្លាប់បានសំណូមពរម្តងហើយម្តងទៀត សូមឲ្យអាជីវករប្រកបរបរនាំចូលផលិត កែច្នៃ និងចែកចាយម្ហូបអាហារ មេត្តាទទួលខុសត្រូវចំពោះសុខភាពអ្នកប្រើប្រាស់ និងរួមសហការជាមួយសមត្ថកិច្ច ដើម្បីទប់ស្កាត់ និងបំបាត់ឲ្យបានម្ហូបអាហារ ដែលពុំមានសុវត្ថិភាពលើទីផ្សារទូទាំងប្រទេសកម្ពុជា៕