(ភ្នំពេញ)៖ ថ្លែងរំលឹកកាលពីខែមេសា ឆ្នាំ២០០៩ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា នៅពេលនោះសម្តេចបានសម្រេចចិត្តដ៏ត្រឹមត្រូវមួយ នៅពេលដែលមានហេតុការណ៍ បាតុករក្រុមអាវក្រហមថៃសំរុកចូលទៅកន្លែងកិច្ចប្រជុំកំពូលអាស៊ាន, ដោយគេធ្វើការ ជម្រៀសថ្នាក់ដឹកនាំកំពូលចេញពីប្រទេសថៃ, ដោយសម្តេចសម្រេចមិនចាកចោលកូនចៅដែលជាគណៈប្រតិភូ, ថ្នាក់រដ្ឋមន្រ្តី និងជំនួយការជាច្រើននាក់ នៅខណៈមានគ្រោះអាសន្ន កើតចេញពីការតវ៉ារបស់ក្រុមអាវក្រហមថៃឡើយ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា បើនៅពេលនោះ សម្តេចតេជោសម្រេចថា នឹងធ្វើដំណើរចាកចេញពីកិច្ចប្រជុំ តាមការជម្លៀសរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ សម្តេចពិតជាមិនសមធ្វើជាមេដឹកនាំប្រទេសនោះទេ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះបានធ្វើឡើង ខណៈសម្តេចអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ដល់និស្សិតសកលវិទ្យាល័យអាស៊ីអឺរ៉ុប (AEU) សរុប១,៨៨៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ។
សូមស្តាប់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន៖