(ភ្នំពេញ)៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ បានរិះគន់លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីជាភាសាខ្មែរ ដោយចាត់ទុកថា ទង្វើបន្លំខ្លួនរបស់បុគ្គលរូបនេះ ដើម្បីចូលពន្ធនាគារជាមួយតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ គឺពិតមានការឃុបឃិតគ្នាបោកបន្លំប្រាកដមែន។
លោក ពេជ្រ ស្រស់ បានបង្ហាញឲ្យដឹងថា «ទស្សនៈរបស់ខ្ញុំ បើលោក ជុន ច័ន្ទបុត្រ ប្រើសិទ្ធិជាក្រុមការងាររបស់ពួកសង្រ្គោះជាតិ គឺលោកនឹងអាចមានលទ្ធភាពតតាំងផ្លូវច្បាប់ ក្នុងការប្រើប្រាស់សិទ្ធិឯកជន ឬសិទ្ធិនយោបាយរបស់លោក ឲ្យរួចផុតពីការចោទប្រកាន់របស់ច្បាប់បាន ប៉ុន្តែបើលោក ជុន ច័ន្ទបុត្រ ដើរចូលទៅក្នុងគុកដោយក្លែងសិទ្ធិ និងក្លែងអត្តសញ្ញាណនោះ លោក ជុន ច័ន្ទបុត្រ នឹងជួបការលំបាកដើម្បីរួចផុតពីការចោទប្រកាន់របស់ច្បាប់»។
ប្រធានគណបក្សយុវជនរូបនេះ បានបន្តថា បើលោក ជុន ច័ន្ទបុត្រ ត្រូវបានច្បាប់ចោទប្រកាន់ពិតមែននោះលោក ជុន ច័ន្ទបុត្រ នឹងជួបភាពលំបាកពីរ៖ ទី១៖ លោក ជុន ច័ន្ទបុត្រ ត្រូវបានដកសិទ្ធិចេញពីវិជ្ជាជីវៈអ្នកសាព័ត៌មាន និងទី២៖ លោក ជុន ច័ន្ទបុត្រ នឹងត្រូវប្រឈមមុខជាមួយតុលាការខ្មែរ ក្រោមសិទ្ធិជាពលរដ្ឋខ្មែរ។
លោក ពេជ្រ ស្រស់ បានតិះដៀលចំៗលើគណបក្សសង្គ្រោះជាតិថា បន្ទាប់ពីលោកបានពិនិត្យ និងតាមដានសកម្មភាពរបស់ លោក ជុន ច័ន្ទបុត្រ យ៉ាងល្អិតល្អន់ហើយនោះ លោកបានរកឃើញកលល្បិចយ៉ាងស្អុយរលួយមួយ របស់ក្រុមសង្រ្គោះជាតិ ល្បិចនោះគឺគណបក្សសង្គ្រោះជាតិបានយកលោក ជុន ច័ន្ទបុត្រជាតួអង្គយ៉ាងសំខាន់ក្នុងល្បិចនេះ ល្បិចនេះមានឈ្មោះថា «ធាក់តាស៊ីក្លូចូលឡាន»។
លោកសរសេរយ៉ាងដូច្នេះថា «គណបក្សសង្រ្គោះជាតិ បានសហការជាមួយលោក ជុន ច័ន្ទបុត្រ ដើម្បីមានចេតនាឲ្យតុលាការខ្មែរ ធ្វើការចោទប្រកាន់ និងឈានទៅដល់ការ ចាប់ខ្លួនលោក ជុន ច័ន្ទបុត្រ ដាក់គុក ដើម្បីឲ្យពលរដ្ឋខ្មែរមានការខឹងសប្បារ ចំពោះសកម្មភាពចាប់ឃុំឃាំងខ្លួន លោក ជុន ច័ន្ទបុត្រ ក្រោយមកពួកសង្រ្គោះជាតិនេះ នឹងស្រែកឲ្យពលរដ្ឋខ្មែរបោះឆ្នោត ឲ្យបក្សរបស់ពួកគេ ក្រោមហេតុផលជួយដល់លោក ជុន ច័ន្ទបុត្រ និងអ្នកទោសរបស់ពួកគេដទៃទៀត»។
លោក ពេជ្រ ស្រស់ បានបន្តរិះគន់ថា «គណបក្សសង្រ្គោះជាតិ ប្រើល្បិចនេះ ពិតជាថោកទាបបំផុត ហើយល្បិចនេះ ក៏មានប្រសិទ្ធភាពផងដែរ សម្រាប់បង្កើននូវប្រជាប្រិយភាពរបស់បក្សខ្លួន»។
សូមបញ្ជាក់ថា កាលពីម្សិលមិញនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោកស្រី មូរ សុខហួរ និង លោក ឡុង រី បាននាំលោក ជុន ច័ន្ទបុត្រ ឬ ហួត វុទ្ធី មេវិទ្យុអាស៊ីសេរី ដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ ចូលទៅពន្ធនាគារព្រៃស នាព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីចុះសួរសុខទុក្ខសកម្មជនរបស់គណបក្សសង្រ្គោះជាតិ ចំនួន១៦នាក់ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស។
ក្រោយមានករណីខាងលើនេះ ក្រសួងមហាផ្ទៃ នឹងមិនអនុញ្ញាតឱ្យ តំណាងរាស្រ្តរបស់គណបក្សប្រឆាំង ចូលសួរសុខទុក្ខសកម្មជនឬមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលជាប់ឃុំទៀតនោះទេ។ នេះបើតាមការអះអាងរបស់ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៕